ហាងនំប៉័ងយីហោសូរសូគីរីវង់ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលភ្នាក់ងារ     រថយន្តពន្លត់អគ្គិភ័យ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២និង ១៥នាទីរសៀល ថ្ងៃទី២ ខែសីហាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២  ភូមិកណ្ដាល  សង្កាត់រលួស  ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ម្ចាស់ហាងនំប៉័ងខាងលើមានឈ្មោះ  ចែល លក្ខិណា  អាយុ៤០ ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

កម្មករធ្វើការនៅហាងនំប៉័ងដែលត្រូវភ្លើងឆេះនេះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេពួកគេឮស្នូរសំឡេងផ្ទុះចេញពី ឡដុត នំប៉័ងខាងក្រោយ។ពេលនោះក៏មានផ្សែងហុយចេញ យ៉ាងខ្មួលខ្មាញ់ ស្រាប់តែចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពួកគេ ក៏បាន នាំគ្នា យកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ជាបឋមអស់ជាច្រើនបំពង់តែមិនអាចគ្រប់គ្រងបានដោយសារស្ថានភាពអណ្ដាតភ្លើងនិងផ្សែងហុយខ្លាំងពេកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យអោយចេញជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានថាមានអគ្គិភ័យឆាបឆេះហាងនំប៉័ងខាងលើសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស  ក៏បានរាយការណ៍ទៅសមត្ថកិច្ចខាងពន្លត់អគ្គិភ័យដែលប្រចាំការនៅ សាលាខណ្ឌដង្កោ។ក្រោយមកសមត្ថកិច្ចបានចេញរថយន្តទៅបាញ់ពន្លត់ចំនួន៨ គ្រឿងហើយ បានបាញ់ទឹកអស់ចំនួន៣ គ្រឿង  បានរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង ២និង ៤០នាទី រសៀលថ្ងៃទី ២ ខែសីហាឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ មូលហេតុមកពីឆ្លងចរន្តអគ្គីសនី ហើយនៅក្នុងករណីនេះមិនមានអ្នកណារងរបួសនោះទេនិងមិនបានរាលដាលឆាបឆេះដល់ផ្ទះពលរដ្ឋអ្នកជិតខាងឡើយ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕

អត្ថបទ៖សាវី

Share.