រថយន្តព្រុសមួយគ្រឿង បើកបរដោយស្ត្រីម្នាក់ ដោយរវល់តែឈ្លោះគ្នាជាមួយសង្សារ ទាញដៃ ចង្កូតបោលឡើងចិញ្ចើមផ្លូវ រេជ្រុលទៅបុកបង្គោលភ្លើង បាក់រាបមួយដើម ហើយ បន្តបុក ទម្លុះរបងការដ្ឋានសំណង់ ធ្លាយចូលដល់ក្នុងផ្ទប់ជញ្ជាំងបេតុង ទើបទៅមុខ លែងរួច នៅវេលា ម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយ ផ្លូវ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្តបង្កគ្រោះថ្នាក់ចរាចរខាងលើ ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG-4152 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយបុរសម្នាក់ ជាគូរសង្សារ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តចំនួន៣គ្រឿង បើកប្រដេញគ្នាតាម ដងផ្លូវ ២៧១ ពីជើងទៅត្បូង ដោយរថយន្តព្រុសបើកនៅពីក្រោយគេ រេពេញផ្លូវ ស្រាប់តែ ដល់ ចំណុចកើតហេតុ រេចង្កូតឡើងចិញ្ចើម ជ្រុលទៅបុកបង្គោលភ្លើង បាក់រាបដល់ដីមួយដើម ហើយរថយន្តមិនទាន់អស់ល្បឿន បន្តបុកទម្លុះរបងការដ្ឋានសំណង់ ធ្លាយចូលដល់ ក្នុងផ្ទប់ ជញ្ជាំងបេតុង ទើបទៅមុខលែងរួច អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមការបំភ្លឺពីអ្នកបើករថយន្តបានឲ្យដឹងថា ពួកគាត់រវល់តែឈ្លោះគ្នា ជាមួយសង្សារ ទើបទាញដៃចង្កូតជ្រុល ធ្វើឲ្យរថយន្តរេឡើងចិញ្ចើមផ្លូវ ។

រថយន្តបង្កគ្រោះថ្នាក់ចរាចរខាងលើ រួមជាមួយស្ត្រីជាអ្នកបើកបរផង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង ពោធិ៍សែនជ័យ

Share.