សិល្បៈអន្តរជាតិ៖ នេះគឺជារឿងដ៏សោកសៅមួយដែលមិនមានអ្នកណាចង់ឱ្យកើតឡើង នៅពេលដែលយុវតីជាអ្នកគាំទ្រម្នាក់របស់ Taylor Swift បានស្លាប់ ដោយសារតែខ្សោះដាច់ទឹក ពេលទៅចូលរួមទស្សនា ការប្រគំតន្ត្រី The Eras Tour រហូតធ្វើឱ្យតារាចម្រៀងប៉ុបដ៏ល្បីល្បាញរូបនេះ មានការសោកស្ដាយនិងខូចចិត្តជាពន់ពេក។
តារាចម្រៀងប៉ុបដែលទើបនឹងទទួលបានងារជាមហាសេដ្ឋិនី ដោយសារតែការប្រគំតន្ត្រី The Eras Tour របស់នាងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ប៉ុន្តែក្នុងនោះក៏មានរឿងអកុសលកើតឡើងដោយសារតែការប្រគំតន្ត្រីទេសចរណ៍ទ្រង់ទ្រាយធំមួយនេះដែរ គឺមានយុវតីជនជាតិប្រេស៊ីលម្នាក់បានស្លាប់ដោយសារតែខ្សោះដាច់ទឹក ព្រោះអាកាសធាតុក្ដៅហួតហែងខ្លាំង រីឯអ្នករៀបចំកម្មវិធីក៏មិនបានអនុវត្តឱ្យអ្នកទស្សនាយកទឹកចូលក្នុងស្តាតប្រគំតន្ត្រីនោះដែរ។
Taylor បានចែករំលែកសារសោកសៅរបស់ខ្លួនថា៖ «ខ្ញុំមិនចង់ជឿទេថាខ្ញុំនឹងសរសេរពាក្យទាំងនេះ ដោយបេះដូងខ្ទេចខ្ទាំ ខ្ញុំចង់និយាយថាយើងបានបាត់បង់អ្នកគាំទ្រម្នាក់នៅយប់នេះមុនពេលកម្មវិធីប្រគំតន្ត្រីរបស់ខ្ញុំ។ ខ្ញុំមិនអាចសូម្បីតែ ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំខូចចិត្តខ្លាំងកម្រិតណា។ ខ្ញុំបានដឹងព័ត៌មានតិចតួចណាស់ តែខ្ញុំដឹងនូវការពិតមួយ គឺនាងជាមនុស្សស្អាត ហើយថែមទាំងនៅក្មេងខ្លាំងទៀតផង។ ខ្ញុំនឹងមិនអាចនិយាយពីរឿងនេះពីលើឆាកទេ ព្រោះខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់ពេលខ្ញុំព្យាយាមនិយាយអំពីរឿងនោះ។ ខ្ញុំចង់និយាយថាឥឡូវនេះ ខ្ញុំទទួលបាននូវអារម្មណ៍បាត់បង់នេះយ៉ាងខ្លាំង ហើយចិត្តដែលខ្ទេចខ្ទាំបស់ខ្ញុំគឺចូលរួមជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់នាង។ នេះជារឿងចុងក្រោយដែល ខ្ញុំមិនធ្លាប់គិតថានឹងកើតឡើង នៅពេលដែលពួកខ្ញុំសម្រេចចិត្តថា នាំការប្រគំតន្ត្រីទេសចរណ៍នេះទៅកាន់ប្រទេសប្រេស៊ីល។»