សិល្បៈអន្តរជាតិ៖ តស់ដឹងពីប្រវត្តិលម្អិតរបស់ស្រីស្អាតជនជាតិ នីហ្គារ៉ាហ្គ័រ ដែលបានបង្កើតកំណត់ត្រាថ្មីជានារីនីហ្គារ៉ាហ្គ័រដំបូងគេឈ្នះមកុដនិងតំណែង Miss Universe ពិភពលោក។ នារីរូបនេះមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតនោះទេ ប៉ុន្តែចំំណេះដឹង និងសមត្ថភាពក៏មានច្រើនមិនចាញ់រូបសម្រស់នោះដែរ។
កម្មវិធីប្រកួតសម្រស់ចាស់វស្សា Miss Universe លើកទី៧២ បានបញ្ចប់ទៅដោយជោគជ័យនៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ដោយម្ចាស់តំណែងស្រីស្អាតចក្រវាឡបានធ្លាក់ទៅក្នុងកណ្ដាប់ដៃកញ្ញា Sheynnis Palacios នារីនីហ្គារ៉ាហ្គ័រ ជាអ្នកឈ្នះបានមកុដយកទៅគ្រប់គ្រង។
ថ្ងៃនេះត្រយងសូមធ្វើការសង្ខេបពីប្រវត្តិខ្លះៗរបស់កញ្ញាជូនប្រិយមិត្តអ្នកអានបានជ្រាបដូចតទៅ៖ Sheynnis កើតនៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០០០ នៅក្នុងខេត្ត ម៉ាណាហ្គ័រ ប្រទេសនីហ្គារ៉ាហ្គ័រ។ នាងបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងនិងពិធីករកម្មវិធីទូរទស្សន៍ និងជាបេក្ខភាពតំណងឱ្យខេត្ត Diriamba សម្រាប់ការប្រកួត Miss Universe Nicaragua 2022។
Sheynnis អាចចាត់ទុកបានថាជាស្រីស្អាតពោរពេញដោយសមត្ថភាពមួយរូប ព្រោះមិនត្រឹមតែតារាបង្ហាញម៉ូដ ពិធីការិនីទូរទ្សសន៍ អ្នកអភិវឌ្ឍប្រជុំជន និងធ្លាប់ជាអតីតកីឡាការិនីបាល់ទះ ប្រកួតកម្រិតមហាវិទ្យាល័យផងដែរ។
មុនឈ្នះតំណែងខ្ពស់បំផុតមួយក្នុងជីវិតនេះ Sheynnis ក៏ធ្លាប់ជាប់ក្នុងលំដាប់ Top ទាំង១០ នៃកម្មវិធី Miss Teen Universe 2017 និងលំដាប់ Top ទាំង៤០ នៃកម្មវិធី Miss World 2021 ផងដែរ។ Sheynnis គឺជាស្រីស្អាតដំបូងគេរបស់ប្រទេស នីហ្គារ៉ាហ្គ័រ ដែលអាចឈានចូលមកដល់វគ្គកាន់តែជ្រៅ ឬ វគ្គ Top នៃកម្មវិធី ហើយថែមទាំងអាចដណ្ដើមបានមកុដ Miss Universe 2023 ក្លាយជាម្ចាស់តំណែង ស្រីស្អាតចក្រវាឡឆ្នាំ២០២៣។
ថ្វីត្បិតបច្ចុប្បន្ន Sheynnis មានអាជីពជាអ្នកបង្ហាញម៉ូដ និងពិធីការិនី តែនាងបានឱ្យនិយមន័យខ្លួនឯងថាជាមនុស្សនៅក្រោយកាមេរ៉ា ច្រើនជាងនៅពីមុខកាមេរ៉ា ព្រោះកន្លងមកនាងរមែងមានបញ្ហាភ័យបារម្ភតប់ប្រមល់។ អាការៈស្ត្រេសនិងភ័យព្រួយរបស់នាង បានជំរុញឱ្យនាងបង្កើតគម្រោង «យល់ពីចិត្តខ្លួនឯង» ដើម្បីឱ្យមនុស្សគ្រប់គ្នាមានការចាប់អារម្មណ៍ពីសុខភាពចិត្តរបស់ខ្លួនឯងផងដែរ។ នេះបានហៅថាស្រីស្អាតគ្រប់គ្រឿង ព្រោះមិនត្រឹមតែមានមុខមាត់ស្អាត ចំណេះដឹងខ្ពង់ខ្ពស់ ថែមទាំងមានចិត្តល្អចេះចែករំលែកថែមទៀត៕