សិល្បៈអន្តរជាតិ៖ យោងតាមការផ្សាយពីវែបសាយ Koreaboo បានចេញកាលពីពេលថ្មីៗនេះ CL ដែលជាតារាចម្រៀងទោលដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពបំផុតមួយក្នុងស្រទាប់យុវវ័យ ពិសេសអ្នកគាំទ្រភាគច្រើនស្គាល់នាងថាជាអតីតសមាជិកក្រុម 2NE1 បានទម្លាយរឿងអាថ៌កំបាំងបំផុតមួយក្នុងជីវិតខ្លួន ឱ្យមហាជនបានដឹងនៅក្នុងកម្មវិធី Knowing Bros របស់កូរ៉េ ដែលរឿងនេះបានធ្វើឱ្យមនុស្សមិនតិចនោះទេភ្ញាក់ផ្អើល។
ដូចដែលអ្នកគាំទ្រជាច្រើនបានដឹងហើយ ត្បិត CL កើតនៅទឹកដីកូរ៉េ ប៉ុន្តែនាងភាគច្រើនរស់នៅជប៉ុននិងបារាំង ហើយនាងក៏មានទំនាក់ទំនងល្អជាមួយនឹងតារាចម្រៀងប៉ុបអន្តរជាតិជាច្រើនដួង ជាពិសេសទៀតនោះនាងក៏ស្ថិតក្រោមការគ្រប់គ្រង និងសហការការងារជាមួយនឹង Scooter Braun ដែលជាំអ្នកគ្រប់គ្រងតែមួយរបស់ Justin Biber និង Ariana Grande ផងដែរ។
រំលឹកដល់អតីតកាលក្នុងពេលដែលការងារសិល្បៈរបស់នាងកំពុងជួបប្រទះបញ្ហា ចំណែកផ្លូវចិត្តរបស់ខ្លួនក៏រងផលប៉ះពាល់នោះ CL បានជួបនឹងមិត្តភក្ដិពិតហើយ ហុចដៃចូលមកជួយស្រោចស្រង់និងសង្គ្រោះនាងចេញពីបញ្ហាលំបាកនានា។ CL បានរៀបរាប់ថាមានពេលមួយនោះនាងជួបបញ្ហាបាក់ទឹកចិត្ត ហើយថែមទាំងស្ត្រេសខ្លាំងទៀតនោះ ស្រាប់តែ Beyonce ដែលជាមិត្តរបស់នាងបានហៅនាងថតស្ពតឱ្យផលិតផលដែលខ្លួនទើបតែបង្កើតថ្មី ដោយទង្វើនេះគឺ Beyonce បានជួយនាងទាំងផ្លូវចិត្ត និងផ្លូវអារម្មណ៍។
ក្រៅពី Beyonce ដែល CL ចាត់ទុកជាមិត្តល្អរបស់ខ្លួនហើយនោះ តារាចម្រៀងនិយមលេង Style ស៊ីវិល័យនិងទាន់សម័យទំនើបបានលើកឡើងដែរពីតារាចម្រៀងប៉ុបអាមេរិកប៉ុន្មានដួងទៀតដែលសុទ្ធសឹងជាមិត្តល្អ ក៏ដូចជាតារាចម្រៀងឆ្នើមក្នុងបេះដូងនាង ដូចជា Justin Bieber, Ariana Grande, Rihanna, Beyoncé, និង Kanye West ជាដើម៕