ក្រុមអង្គរថាយហ្គឺរ

បុរស​ជនជាតិ​អង់គ្លេស Alistair Heath បាន​ចំណាយ​ពេល​១៨​ខែ​មក​ប្រកប​អាជីព​ជា​គ្រូ​បង្វឹក​ក្នុង​ទ្វីប​អាស៊ី ជា​លើក​ដំបូង ពោល​គឺ​ចូលរួម​ជាមួយ​ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិក​លីគ​កំពូល​កម្ពុជា (Cambodian Premier League) ប៉ុន្តែ​លោក​បាន​​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ ក្រោយ​ផ្ដាច់កុងត្រា​ជាមួយ​ក្លិប​នៅ​ថ្ងៃ​ទី១​ខែ​កញ្ញា ឆ្នាំ​២០២៣។

ក្រោយ​ទៅ​ដល់​ប្រទេស​អង់គ្លេស​ វិញ​បុរស​កាន់​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក UEFA A Licence រូប​នេះ​បាន​ផ្តល់​កិច្ចសម្ភាសន៍​ទៅ​កាន់​សារព័ត៌មាន mirror.co.uk ពី​ចំណុច​អវិជ្ជមាន​របស់​ក្លិប​អង្គរថាយហ្គឺរ មួយ​ចំនួន។

អត្ថបទពាក់ព័ន្ធ៖អតីតគ្រូអង្គរថាយហ្គឺរ ថាខ្លួនមិនសោកស្តាយចំពោះ បទពិសោធន៍ការងារដ៏ឆ្កួតលីលារយៈពេល ១៨ខែនៅអាស៊ីអាគ្នេយ៍

បន្ទាប់​ពី​បាន​ដឹង​ព័ត៌មាន​អវិជ្ជមាន​របស់​ក្លិប​ខ្លួន លោក Akihiro Kato ប្រធាន​ក្លិប​អង្គរថាយហ្គឺរ បាន​ចេញ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា៖«ខ្ញុំ​មិន​ចង់​និយាយ​ពី​អតីត​កីឡាករ ឬ អតីត​គ្រូ​បង្វឹក នូវ​រឿង​អវិជ្ជមាន​នោះ​ទេ ព្រោះ​ខ្ញុំ​មាន​ក្តី​​គោរព​ចំពោះ​​ពួកគាត់»។

លោក​ថា៖«បន្ទាប់​ពី​អាន​ព័ត៌មាន​កន្លង​មក ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ដែល​ខ្ញុំ​បាន​បញ្ចប់​កិច្ច​សន្យា​​ជាមួយ​នឹង​គ្រូ​បង្វឹក​ដែល​​មិន​ស្មោះ​ត្រង់​និង​កុហក​បោក​ប្រាស់​រូប​នេះ»។

លោក Akihiro Kato និង​លោក Alistair Heath

បុរស​ជនជាតិ​ជប៉ុន បន្ថែម​ថា៖«ជា​ធម្មជាតិ​ជនជាតិ​អាស៊ី ចូល​ជឿជាក់​លើ​ជនជាតិ​មក​ពី​លោក​ខាង​លិច ប៉ុន្តែ​ពិត​ណាស់​ជនជាតិ​លោក​ខាង​លិច​ខ្លះ​ស្មោះ​ត្រង់ ហើយ​ខ្លះ​ទៀត​កុហក​បោក​ប្រាស់។ យើងនៅតែបង់ប្រាក់ ២០០០ ដុល្លារ​ក្នុង​មួយខែ​ដល់​គ្រូបង្វឹករូបនេះ ដែល​វត្តមាន​របស់​គាត់​មិន​បន្ថែម​តម្លៃ ឬ​ភាពវិជ្ជ​មាន​ដល់​ក្រុម​ទាល់​តែ​សោះ។ ជាក់ស្តែង​គ្រូ​បង្វឹក​ម្នាក់​នេះ មិន​ស្គាល់​ពាក្យ​ថា អាម៉ាស់ទេ អាក្រក់​ណាស់ ដែល​បាន​និយាយ​កុហក​ទៅ​កាន់​សារព័ត៌មានអន្តរជាតិ»។

អត្ថបទពាក់ព័ន្ធ៖ពីអតីត​យុវជន Leicester ​ចូល​និវត្តន៍​ទាំងវ័យក្មេង ក្លាយទៅជា​ Super Star បាល់ទាត់នៅស្រុកខ្មែរ

លោក Akihiro Kato ចោទ​ជា​សំនួរ​ថា តើ​អ្នក​គិត​ថា​យើង​គួរ​តែ​បើក​ប្រាក់​ខែ​អោយ​គ្រូ​បង្វឹក​ ដែល​និយាយ​បង្កាច់​បង្ខូច​អំពី​បាល់ទាត់​កម្ពុជា បែប​នេះ​ទេ?

លោក Alistair Heath បាន​ធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២១ ដោយ​ចុះ​កិច្ចសន្យា​ជា​ផ្លូវការ ជាមួយ​អង្គរថាយហ្គឺរ មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់​ពី​ការ​ចាកចេញ របស់​លោក​គ្រូ Oriol Mohedano សញ្ជាតិ​អេស្ប៉ាញ។ មុន​មក​កម្ពុជា លោក​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​ថ្នាល​របស់​ក្រុម Leicester ទៀត​ផង៕

អត្ថបទពាក់ព័ន្ធ៖ល្បីថាគ្រូថ្មី​របស់ក្រុមអង្គរថាយហ្គឺរ ប្រាក់ខែជិត៤ម៉ឺនដុល្លារ?

Share.