សិល្បៈអន្តរជាតិ៖ បន្ទាប់ពីតស៊ូយ៉ាងស្វិតស្វាញជាយូរ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនថាមិនមានពាក់ព័ន្ធនឹងការចោទប្រកាន់ថាប្រើប្រាស់ថ្នាំញៀន ទីបំផុតសេចក្ដីសម្រេចរបស់តុលាការបានប្រកាសហើយថា លោកមិនមានកំហុសនោះទេ និងបានបិទបញ្ចប់រឿងក្ដីនេះជាស្ថាពរ ខណៈដែលសាមីខ្លួនក៏បានប្រកាសចាកចេញពីទ្រនំចាស់ YG entertainment ផងដែរ។
G-Dragon បានរងគ្រោះត្រូវសមត្ថកិច្ចចោទប្រកាន់ជាយូរណាស់មកហើយទៅលើករណីដែលថា សមត្ថកិច្ចបានរកឃើញថាតារាចម្រៀងរូបនេះមានកំហុសពាក់ព័ន្ធនឹងគ្រឿងញៀន។ រហូតទីបំផុតម្ចាស់ខ្លួនបានយល់ព្រមសហការឱ្យសមត្ថកិច្ចពិនិត្យរកសារធាតុញៀនលើរាងកាយ ព្រមទាំងចូលខ្លួនទៅផ្ដល់ចម្លើយជាមួយនឹងសមត្ថកិច្ចថែមទៀតផង។
ទោះជាមានការអះអាងពីស្ថាប័នកោសល្យវិច្ច័យវិទ្យាសាស្ត្របានចេញមកអះអាងថាមិនមានសារធាតុញៀននៅក្នុងរាងកាយរបស់ G-Dragon តែអាជ្ញាធរប៉ូលិសនៅតែមិនព្រមបញ្ឈប់ហើយបន្តតាមជីកកកាយតាមរកកំហុសរបស់តារាចម្រៀងល្បីដដែល តែទីបំផុតករណីចោទប្រកាន់នេះត្រូវបានបិទបញ្ចប់ព្រោះប៉ូលិសមិនមានភស្តុតាងគ្រប់គ្រាន់ចោទប្រកាន់លើរូបលោក។
ក្រោយរឿងហេតុត្រូវបានលាតត្រដាង បណ្ដាអ្នកគាំទ្របានអំពាវនាវឱ្យតារារូបនេះដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច ដែលបង្កឱ្យ G-Dragon ខាតពេលវេលា និង អាស្រូវកេរ្តិ៍ឈ្មោះ។
ងាកមកកុងត្រារបស់តារារូបនេះជាមួយនឹងទ្រនំចាស់ YG entertainment ក៏បានផុតកំណត់ តែមិនមានដំណឹងបន្តកុងត្រាពីខាងផលិតកម្ម ខណៈកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកផលិតកម្ម Galaxy Corporation ក៏ជាអ្នកចាត់ចែងធ្វើសេចក្ដីប្រកាសពីភាពស្អាតស្អំនិងការបញ្ចប់ក្ដីរបស់ G-Dragon ធ្វើឱ្យហ្វេនៗជឿថា លោក លែងជាតារានៅ YG ទៀតហើយ។
យ៉ាងណាគ្រប់យ៉ាងបានលាតត្រដាងហើយក៏ឈប់មានមន្ទិលសង្ស័យបន្តទៀត នៅពេលដែល YG Entertainment បានចេញសេចក្ដីប្រកាសជាផ្លូវការថា G-Dragon អតីតសាមជិក Big Bang ដែលបានប្រឡូកសិល្បៈតាំងពីឆ្នាំ២០០៦ លែងជាតារាកុងត្រា (ជាប់កិច្ចសន្យា) នៅក្នុងផលិតកម្មខ្លួនជាបន្តទៀតហើយ៕