មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធ ទី១១ ខែសីហា ម្សិលម៉ិញនេះថា ស្រ្តីមានផ្ទៃពោះគួរតែចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ព្រោះមិនទាន់រកឃើញពីហានិភ័យដល់កូនក្នុងផ្ទៃនោះទេ។

ដោយផ្អែកលើការវិភាគថ្មីមួយដែលមិនបានបង្ហាញថា ការចាក់វ៉ាក់សាំងធ្វើឲ្យស្ត្រីមានគក៌មានហានិភ័យនៃការរលូតកូននោះទេ។​​ ដូច្នេះស្រ្តីមានផ្ទៃពោះអាចទទួលបានវ៉ាក់សាំងណាមួយក្នុងចំណោមវ៉ាក់សាំងទាំង ៣ រួមមាន៖ Pfizer, Moderna និង Johnson & Johnson។  

យោងតាមសារព័ត៌មាន CNA បានផ្សាយថា មជ្ឈមណ្ឌលបង្ការជំងឺឆ្លង CDC​ មិនធ្លាប់បានណែនាំឲ្យស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងទេ ប៉ុន្តែធ្លាប់បានណែនាំឲ្យស្រ្តីមានផ្ទៃពោះទាំងឡាយគួរតែពិភាក្សាអំពីការចាក់វ៉ាក់សាំងជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់ពួកគេជាមុនសិន មុននឹងសម្រេចចិត្តចាក់វ៉ាក់សាំង។

អ្នកស្រី Sascha Ellington ប្រធានក្រុមសម្រាប់ការត្រៀមបង្ការ និងឆ្លើយតបបន្ទាន់ក្នុងផ្នែកសុខភាពបន្តពូជរបស់មជ្ឈមណ្ឌល CDC បាននិយាយថា ការទទួលថ្នាំបង្ការចំពោះស្ត្រីមានផ្ទៃពោះមានកម្រិតទាបដោយមានតែ ២៣ ភាគរយប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់១ដូស។

អ្នកស្រីបន្តថា ក្រុមការងារកំពុងតែធ្វើការលើយុទ្ធសាស្រ្តនេះឲ្យកាន់តែច្បាស់ជាងនេះទៀត ដើម្បីឲ្យគ្រូពេទ្យ​ឯកទេសសម្ភព និង​រោគស្ត្រីក្លាយជាអ្នកប្រឹក្សា និងផ្ដល់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះ ព្រោះមជ្ឈមណ្ឌល CDC ចង់ឲ្យស្ត្រីមានផ្ទៃពោះទទួលបានការការពារពីមេរោគដ៏កាចសាហាវនេះដូចគ្នា។

យោងតាម ​​CDC បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះកំឡុងពេលវិជ្ជមានកូវីដ១៩ គឺអាចបង្កហានិភ័យខ្លាំងណាស់ ព្រោះអាចបណ្ដាលឲ្យបាត់បង់ជីវិតពេលសម្រាលរួច រឺ អាចឲ្យកូនក្នុងផ្ទៃកើតមិនគ្រប់ខែ។

ការណែនាំថ្មីនេះ បានកើតឡើងនៅពេលដែលករណីឆ្លង និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងទូទាំងប្រទេសកាលពីខែមុន ខណៈមន្ទីរពេទ្យមួយចំនួននៅរដ្ឋ Arkansas, Florida, Louisiana និង Mississippi បានអស់គ្រែព្យាបាលអ្នកជំងឺហើយ៕

ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.