ភាពយន្តរឿងថ្មីរបស់ គួរហ្វូឆឹង (Aaron Kwok ) និង គូ ធៀនឡឺ ហៅ យ៉ាងគួរ ដែលត្រូវថតនៅប្រទេសថៃ តែដោយសារមេរោគកូវីដរាតត្បាតខ្លាំងធ្វើឱ្យក្រុមការងាររឿងនេះត្រូវផ្អាកផែនការហើយសម្រេចចិត្តសាងសង់ភូមិជនជាតិថៃមួយឡើងមកថ្មីដើម្បីថតភាពយន្តនេះជំនួសវិញ។
តាមព័ត៌មានភាពយន្តរឿង «The White Storm3» បានបញ្ចេញលុយប្រមាណ១០លានដុល្លារហុងកុង (ប្រមាណជាង១លាន២សែនដុល្លារ) កសាងឈុតឆាកភូមិជនជាតិថៃថ្មីមួយនៅហុងកុងដើម្បីថត។
ព័ត៌មានក៏បានផ្សាយទៀតថា ឧបករណ៍ផ្សេងៗយកមកពីប្រទេសចិនដីគោក ដើម្បីឱ្យរូបភាពភូមិនវមើលទៅដូចការពិតបំផុត ដល់ថ្នាក់រ៉ើផ្ទះទាំងមូល ហើយសង់ផ្ទះថ្មីឡើងមកថែមទៀត។
ភាពយន្តឃាតកម្មដែលនិយាយពីពួកលក់ថ្នាំញៀនមួយនេះ បានថតឈុតឆាកនៅក្នុងប្រទេសចិនដីគោករួចរាល់ហើយ នៅសល់តែឈុតឆាកហេតុការណ៍ផ្សេងៗដែលកើតឡើងនៅក្នុងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែដោយស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមានសភាពធ្ងន់ធ្ងរមិនស្រាកស្រាន ទើបក្រុមផលិតសម្រេចចិត្តថតនៅហុងកុងជំនួសវិញ។
ផលិតករផលិតរឿង «The White Storm3» ប្រចាំផលិតកម្ម Universe បានទទួលស្គាល់ថា ភាពយន្តនេះមិនអាចទៅថតនៅក្នុងប្រទេសថៃ ធ្វើឱ្យផលិតកម្មបាត់បង់ប្រាក់មិនតិចនោះទេ តែលោកបដិសេធមិននិយាយពីចំនួន១០លានដុល្លារ ដូចដែលព័ត៌មានក្នុងស្រុកបានចុះផ្សាយនោះទេ។
«យើងត្រូវកសាងភូមិជនជាតិថៃឡើងមក ដែលចាំបាច់ត្រូវការប្រាក់ចំណាយយ៉ាងច្រើន ខ្ញុំសុំមិននិយាយថាប៉ុន្មាន គ្រាន់តែអាចនិយាយបានថាច្រើនខ្លាំងណាស់»៕