សិល្បៈអន្តរជាតិ៖ អតីតតារាចម្រៀងក្រុម BigBang លោក Seungri ហាក់មានភាពមមាញឹកច្រើនក្រោយត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីឆ្នាំមុន។ ក្រោយពីជួបជាមួយក្រុមបុគ្គលល្បីៗនាប្រទេសសិង្ហបុរីក្នុងកម្មវិធីប្រណាំងរថយន្ត Formula 1 កាលពីចុងសប្ដាហ៍កន្លងទៅ តារារូបនេះថែមទាំងបានបង្កើតកម្មវិធី Fan meet នៅក្នុងក្លិបកម្សាន្តដ៏ធំមួយនាប្រទេសកម្ពុជាផងដែរ។ គេអាចមើលឃើញថា Seungri បានកំពុងតែលេចវត្តមាននៅប្លុកប្រទេសប៉ែកអាស៊ីអាគ្នេយ៍។
ត្បិតសាមីខ្លួនព្យាយាមរក្សាឯកជនភាពក្ដី ប៉ុន្តែអតីតសមាជិករូបនេះត្រូវបានគេមើលឃើញថាលោករមែងចេញចូលក្លិបជាញឹកញយនាប្រទេសកូរ៉េ ដើរទទួលអាហារនៅកូឡាឡាំពួរ និងផឹកស៊ីជាមួយនឹងបុគ្គលល្បីៗនៅឥណ្ឌូណេស៊ី កាលពីអំឡុងខែតុលាឆ្នាំ២០២៣ កន្លងទៅ។
ជាពិសេសនៅក្នុងជំនួបជាមួយហ្វេននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២៤ Seungri បានប្រកាសប្រាប់អ្នកគាំទ្រថានឹងនាំ G-Dragon មកប្រទេសកម្ពុជា។ អតីតអ្នកចម្រៀងយុវវ័យដ៏ល្បីរូបនេះបានជាប់ពាក់ព័ន្ធនឹងករណីការរំលោភបំពាន ការជួយដូរផ្លូវភេទ ពេស្យាចារ ការចែកចាយ និងលក់ថ្នាំញៀន លាក់បង្កប់កាមេរ៉ា គេចពន្ធ ដូច្នេះហើយប្រជាជនកូរ៉េបានបង្ហាញអារម្មណ៍ក្ដៅក្រហាយ និងខឹងសម្បារ ដែលឃើញសកម្មភាពរបស់លោកត្រូវបានចែកចាយពេញលើបណ្ដាញសង្គមអនឡាញ។
អតីតតារាចម្រៀងវ័យ៣៣ឆ្នាំរូបនេះ បានអះអាងនៅក្នុងវីដេអូថាថ្ងៃណាមួយលោកនឹងនាំ G-Dragon។ អ្នកគាំទ្ររបស់ Seungri បានអះអាងថាអតីតសមាជិកក្មេងជាងគេរបស់ក្រុម BigBang បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ និងប្រារព្ធកម្មវិធីខួបកំណើតរបស់លោក។
ប្រជាជនកូរ៉េ បានលើកឡើងជាមតិផ្សេងៗក្រោយឃើញវត្តមាន និងសកម្មភាពនៅប្រទេសកម្ពុជារបស់តារារូបនេះបានចែកចាយនៅលើបណ្ដាញសង្គម។ « វ៉ាវ! ខ្ញុំស្មានមិនដល់សោះថាគេនៅបានចូលរួមកម្មវិធី» «កុំអាលភ្លេចករណីក្លិប Burning Sun» « G-Dragon ត្រូវតែប្ដឹងគេដែលយកឈ្មោះរបស់លោកទៅប្រើប្រាស់» «ខ្ញុំភ្ញាក់ផ្អើលណាស់ដែលក្នុងវីដេអូឃើញនៅមានអ្នកគាំទ្រគេទៀត» «គាត់គឺជាមនុស្សអស្ចារ្យម្នាក់ ប៉ុន្តែមិនមែនក្នុងផ្លូវល្អទេ»៕