សិល្បៈអន្តរជាតិ៖ ការបរិច្ចាគឈាមគឺជារឿងល្អ ព្រោះបានជួយសង្គ្រោះដល់មនុស្សដែលកំពុងតែត្រូវការ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែស្ម័គ្រចិត្តចង់ចូលរួមនោះឡើយ។ ហេតុដូច្នេះទើបអង្គការនានាបានព្យាយាម បង្កើតព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាការផ្ដល់វត្ថុអនុស្សាវរីយ៍ អាហារ ឬរបស់របរផ្សេងៗដើម្បីទាក់ទាញឱ្យមនុស្សចូលរួមផ្ដល់ឈាម។ យ៉ាងណាមិញមជ្ឈមណ្ឌលផ្ដល់ឈាមភាគខាងត្បូងក្រុងសេអ៊ូលកើនកំណើនផ្ដល់ឈាមត្រូវអរគុណយ៉ាងខ្លាំងដល់ក្រុមចម្រៀងបុរស Seventeen។
ឈានចូលដល់ក្នុងឆ្នាំ២០២៤ កាលពីថ្ងៃទី១២ ខែមករា មជ្ឈមណ្ឌលផ្ដល់ឈាមទី១៣ នៅភាគជើងក្រុងសេអ៊ូលបានផ្ដល់ជូនបន្ថែមដល់អ្នកចូលរួមបរិច្ចាគឈាមនូវ Photocards របស់ក្រុមចម្រៀង ជាមួយនឹងនំប៊ឺហ្គឺរ និងសម្ភារៈផ្សេងរាល់ពេលមកបរិច្ចាគឈាម។
ក្រោយពីនោះស្រាប់តែមានរបាយការណ៍ចេញផ្សាយថាមានអ្នកផ្ដល់ឈាមថ្មីៗជាច្រើនរហូតធ្វើឱ្យចំនួនលោតឡើងរហូតដល់៦៨.៨% បើប្រៀបនឹងឆ្នាំមុន ខណៈដែលចំនួននៃអ្នកផ្ដល់ឈាមបានកើនឡើងរហូត៨០.៦%។ ក្នុងចំណោមអ្នកផ្ដល់ឈាមទាំងអស់នោះភាគច្រើនជាយុវវ័យស្ថិតក្នុងវ័យ២០ឆ្នាំជាង ដែលភាគច្រើនអាចជាក្រុមអ្នកគាំទ្រក្រុមចម្រៀង Seventeen។
មន្ត្រីមកពីកាកបាតក្រហមកូរ៉េ បានចែករំលែកឱ្យដឹងថាក្រុមការងារបានត្រៀម Photocards របស់ក្រុម Seventeen ត្រឹមតែ ១០០០សន្លឹក សម្រាប់កម្មវិធីផ្ដល់ឈាមនោះ ប៉ុន្តែពួកគេត្រូវកម្មង់បន្ថែមដោយសារតែកំនើននៃអ្នកផ្ដល់ឈាមបានកើនឡើងយ៉ាងគំហុក។ មន្ត្រីកូរ៉េសង្ឃឹមថាសកម្មភាពនេះនឹងកើនឡើងកាន់តែច្រើននៅទូទាំងផ្ទៃប្រទេសមិនមែនត្រឹមតែក្នុងក្រុងសេអ៊ូលនោះឡើយ៕