បន្ទាប់ពីក្រសួងបានចេញប្រកាសជាបន្តបន្ទាប់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា «ក្រសួងធម្មការនិងសាសនា» ពីចំណាត់ការក្ដៅឱ្យគ្រប់គ្រូមានបារមីចូលទាំងអស់ផ្ដិតមេដៃលើកិច្ចសន្យា ឱ្យឈប់ថតបង្ហោះឬផ្សព្វផ្សាយអ្វីដែលជ្រុលហួសហេតុពីការពិត ដោយក្នុងនោះក៏មានលោកគ្រូ ៧ភាសាហៅលោកគ្រូ យូ អ៊ីមីង ក៏ជាម្នាក់ស្ថិតក្នុងចំណោមគ្រូ ឬបារមីស្ថិតដែលក្រសួងចុះទៅណែនាំនិងហាមឃាត់សកម្មភាពផ្សេងៗរបស់លោកនៅលើបណ្ដាញសង្គមផងដែរ។ យ៉ាងណាមិញចំណាត់ការចំពោះគ្រូបារមីរូបនេះ ដែលមានរហូតដល់ទៅពីរលើកទៅហើយនោះ សាធារណជនយល់ថា ដូចជាធូររលុង ហើយមិនសូវដាច់ខាត ជាហេតុធ្វើឱ្យលោកគ្រូរូបនេះ អាចនៅតែបន្តធ្វើសកម្មភាពនិងរូបភាពដដែលៗដោយមិនញញើត។

ខ្លឹមសារដកស្រង់ចេញពីកិច្ចសន្យាលើកទីពីរដែលសរសេរដោយដៃ និងមានផ្តិតមេដៃនោះមានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំបាទ វ៉ាត វុធ ជាគ្រូបារមីលោកតាឥសីសំរិទ្ធ រស់នៅភូមិ ចាក់ជ្រូក សង្កាត់សំរោងក្រោម ខ័ណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សូមធ្វើកិច្ចសន្យាដូចខាងក្រោម៖
១. លុបរាល់វីដេអូចាស់ៗ និងរូបភាពដែលពាក់ព័ន្ធ បារមីចេញពីហ្វេសប៊ុក ផេកតិកតុក។
២. មិនឡាយឬថត បង្ហោះថ្មី តាមបណ្ដាញសង្គម
៣.បើមានថ្ងៃក្រោយសូមទទួលខុសត្រូវចំពោះមុខច្បាប់។
ដោយឡែកកំណត់ហេតុចេញពីក្រសួងធម្មការនិងសាសនា ស្ដីពីការចុះធ្វើកិច្ចសន្យាជាមួយនឹងបារមី៧ភាសា មានខ្លឹមសារបែបនេះ៖ «គ្រូបារមីលោកតាបារមីឥសីសំរិទ្ធ ឈ្មោះ វ៉ាត វុធ ចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការនិងសាសនាបញ្ឈប់ការប៉ុស្តិ៍វីដេអូគ្រូបារមីនៅលើហ្វេសប៊ុក ក្រសួងធម្មការនិងសាសនានៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ បានបង្ហាញពីកំណត់ហេតុស្តីពីការចុះកិច្ចសន្យារបស់លោកតាបារមីឥសីសំរិទ្ធ នាពេលកន្លងទៅ ឱ្យបញ្ឈប់ការផ្សព្វផ្សាយវីដេអូពាក់ព័ន្ធនឹងគ្រូបារមី និងគ្រូអូមអាម។ ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន។»

ក្រោយពីខ្លឹមសារកិច្ចសន្យាត្រូវបានបង្ហោះចែកចាយជាសាធារណៈ ធ្វើឱ្យមានមនុស្សដែលមិនពេញចិត្តចំពោះចំណាត់ការបញ្ចេញមតិយោបល់ផ្សេងៗគ្នា ក្នុងនោះ អាចារ្យធំ នគររាជ បានរិះគន់ បែបមិនទុកថា៖ «ខ្ពើមក្រុមការងារ កាសួង។ គ្រូ៧ ភាសាត្រូវបានក្រសួងធម្មការនិងសាសនាចុះធ្វើកិច្ចសន្យាជាលើកទី២ ប៉ុន្តែនៅក្នុងកិច្ចសន្យាមិនមានខ្លឹមសារឬចំណាត់ការបន្ទាប់ប្រសិនបើនៅតែប្រព្រឹត្តនោះទេ រីឯឯកសារទៀតសោតក្រសួងមួយទាំងមូលគួរធ្វើអោយផ្លូវការបន្តិចទៅលោក សម័យនេះហើយ។ សូមអរគុណ»
ដោយនៅក្រោមការលើកឡើងរបស់អាចារ្យធំ មានអ្នកបញ្ចេញមតិជាហូរហែចំពោះករណីគ្រូ៧ភាសានេះថា៖ «ចាប់ដាក់គុក២ ៣ខែទៅ» «ចងដឹងថាវាពិតឬមិនពិតឲ្យវាស្បថដាក់ជីវិតវានិងប្រពន្ធកូនវាទៅ នេះជាវិធីទាត់ច្រក អស់សង្ឃឹមផ្លូវច្បាប់» «បើចឹងច្បាស់ជាមានលើកទី៣ទៀតហើយបង»

សូមជំរាបដែរថា មិនមែនមានត្រឹមតែគ្រូ៧ភាសា ឬគ្រូ យូអ៊ីមីង នោះឡើយដែលត្រូវបានក្រសួងហៅអប់រំណែនាំ និងចុះកិច្ចសន្យាក្នុងនោះក៏មានគ្រូបារមីជាច្រើនទៀតដែរដូចជា៖ បារមីលោកគ្រូឥណ្ឌា១២ភាសា បារមីមុនីឥសីខ្លា គ្រូដោះអំពើ អាបធ្មប់ គីន បុត្តា គ្រូបារមីនៅស្រុកទឹកឈូ ប៉ាន់វណ្ណៈ ជាដើម៕
ដើម្បីទស្សនាព័ត៌មានវីដេអូ សូមចុចត្រង់នេះ

