សិល្បៈអន្តរជាតិ៖ កំពុងតែផ្ទុះចែករំលែកនិងស្វែងរកយ៉ាងព្រោងព្រាត បន្ទាប់ពីរូបភាពអាក្រាតកាយ AI របស់កំពូលតារាចម្រៀងប៉ុប Taylor swift បានបែកធ្លាយចេញមកខាងក្រៅ។
យោងតាមប្រសាសន៍របស់ថ្នាក់ដឹកនាំផ្នែកប្រតិបត្តិការ Business របស់ BBC លោក Joe Benarroch បានថ្លែងថានោះគឺជាសកម្មភាពបណ្ដោះអាសន្នមួយដើម្បីស្វែងរកសុវត្ថិភាពជាចម្បង។ នៅពេលស្វែងរកឈ្មោះ Swift លើបណ្ដាញសង្គម X អតីត Twitter នឹងមានសារលោតចេញមកថា «សូមព្យាយាមម្ដងទៀត មានបញ្ហាផ្នែកបច្ចេកទេស»។ រូបភាពបង្កើតដោយបច្ចេកវិទ្យា AI របស់តារារូបនេះបានបែកធ្លាកនិងត្រូវបានចែកចាយនៅក្នុងសប្ដាហ៍នេះ។ រូបភាពមួយចំនួនត្រូវបានអ្នកមើលរហូតរាប់លានដង តែក៏មានការព្រមានពីមន្ត្រីប៉ូលិសអាមេរិក ក៏ដូចជាអ្នកគាំទ្ររបស់តារាស្រីរូបនេះផងដែរ។
ដោយសារតែរូបភាពអាក្រាតនោះបានវាយលុកលុយពេញបណ្ដាញសង្គម X ធ្វើឱ្យក្រុមអ្នកគាំទ្រ Taylor Swift បានចេញមកបង្ហោះរូបភាពនិងវីដេអូពិតៗរបស់តារាស្រីរូបនេះដោយប្រើប្រាស់ Hashtag Protect Taylor Swift ឬការពារ Taylor Swift។ ដោយឡែក X ឬ Twitter ក៏បានចេញសេចក្ដីប្រកាសកាលពីថ្ងៃសុក្រកន្លងទៅដែររូបភាពអាក្រាតត្រូវបានរឹតបន្តឹងសម្រាប់ការបង្ហោះចែកចាយលើ Platform របស់ខ្លួន។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងទេថាពេលណាទើបបណ្ដាញសង្គម X បិទការស្វែងរករូបភាពអាក្រាត ឬដករូបភាពអាក្រាត AI របស់ Swift ចេញពីលើ Platform របស់ខ្លួន ហើយគេ ក៏នៅមិនទាន់ដឹងដែរថាពេលណាទើប X ដាក់ចេញចំណាត់បិទការស្វែងរករូបភាពរបស់បុគ្គលសាធារណៈល្បីៗ ទាំងក្នុងអតីតកាលនិងបច្ចុប្បន្ននោះដែរ៕