កូរ៉េខាងត្បូង៖ ក្រុមចម្រៀង Rap សេរីចាស់ នៅប្រទេសកូរ៉េខាងត្បូង កំពុងតែផ្ទុះល្បីល្បាញខ្លាំង ព្រោះតែលោកយាយៗ បានលើកយកជីវិតក្នុងស្រែចំការមកច្រៀង ធ្វើឱ្យជនបទដែលធ្លាប់តែស្ងប់ស្ងាត់ និងរងការគំរាមកំហែងដោយទំនើបកម្ម ត្រលប់មកមានជីវិតជីវ៉ា។
ក្រុមចម្រៀង Rap ដែលមានសមាជិក៨នាក់ មានឈ្មោះថា Suni and the Seven Princesses បានចាប់ផ្ដើមល្បីល្បាញ ល្បីល្បាញនៅក្នុងសហគមន៍របស់ពួកគេកាលពីខែសីហា ឆ្នាំមុន ដោយតំបន់ ដែលក្រុមរ៉េបស៊េរីចាស់រស់នៅនោះមានឈ្មោះថា Chilgok ស្ថិតនៅភាគខាងត្បូង ខេត្តខ្យុងសាងត្រូវចំណាយពេលបើកបរជាង៤ម៉ោងពីសេអ៊ូល។ ក្រោយក្រុមរបស់ខ្លួនចាប់ផ្ដើមមានអ្នកគាំទ្រទាំងនៅក្នុងភូមិ ក្រៅភូមិ ទីបំផុតក្រុមចម្រៀងលោកយាយ ក៏មានឱកាសបានសម្ដែងក្នុងពិធីផ្សេងៗ ក៏ដូចជានៅកម្មវិធីទូរទស្សន៍។ លោកយាយ Park Jeom Sun វ័យ 81 ឆ្នាំ ដែលជាប្រធានក្រុមចម្រៀងមានវ័យចាប់ពី៦៥ឆ្នាំឡើង បានសម្ដែងអារម្មណ៍ថា «លោកយាយ មានអារម្មណ៍កាន់តែក្មេងជាងវ័យ បើទោះជាអាយុច្រើនក្ដី តែលោកយាយរីករាយបំផុត។»
តំបន់ដែលក្រុមចម្រៀង Suni and the Seven Princesses រស់នៅកំពុងស្ថិតនៅក្នុងហានិភ័យក្លាយជាតំបន់ត្រូវបោះបង់ចោល ដោយសារតែយុវជនបានចំណាកស្រុក ទៅរស់នៅទីក្រុង រីឯអ្នករស់នៅ មានកូនតិចៗ ដូច្នេះទើបធ្វើឱ្យប្រធានក្រុមចម្រៀងនេះលើកឡើងថា កាលពីអតីតកាល ខ្ញុំមានអារម្មណ៍ថាខ្ញុំរស់នៅតំបន់អ៊ូអរ តែបច្ចុប្បន្នអត់ទេ លែងមានមនុស្សរស់នៅទីនេះទៀតហើយ។
អត្ថន័យបទចម្រៀង របស់ក្រុមចម្រៀងវ័យចំណាស់ ភាគច្រើនគឺនិយាយពីជីវិតនៅក្នុងជនបទ ភាពសប្បាយរីករាយ ការប្រកបរបរចិញ្ចឹមជីវិតតាមបែបធ្វើស្រែចំការ ការវិលត្រលប់មកស្រុកកំណើតដោយរីករាយ ជាដើម។
ជីវិតរបស់សមាជិកក្រុមចម្រៀងនេះ ស្ដាប់ទៅគួរឱ្យអាសូរណាស់ ព្រោះគាត់មិនបានសិក្សាទេកាលពីក្មេងដោយសារតែបញ្ហាសង្គ្រាមនៅឧបទ្វីបកូរ៉េ ដូច្នេះកាលពីឆ្នាំ២០១៦ ពួកគាត់បានចូលរៀនថ្នាក់បំប៉នមនុស្សចាស់ដើម្បីចេះអាន និង ចេះសរសរអក្សរកូរ៉េ។
ក្រោយបានចូលរៀន ពួកគាត់បានរៀន Rap ពីគ្រូភាសាកូរ៉េ ដូច្នេះឆ្នាំមុនពួកគាត់ ក៏ចាប់ផ្ដើមផ្ដួចផ្ដើមក្រុមចម្រៀងរ៉េប សេរីចាស់ ដែលនិពន្ធចម្រៀងផ្ដោតតែលើជីវិតនៅស្រុកស្រែចំការ។ បន្ទាប់ពីក្រុមចម្រៀង Suni and the Seven Princesses ទទួលបានជោគជ័យ ធ្វើឱ្យលោកយាយៗនៅ Chilgok ចាប់ផ្ដើមប្រមូលគ្នាបង្កើតជាក្រុម ទីបំផុតក្រុមចម្រៀង Rap ៤ទៀត បានចាប់បដិសន្ធិឡើង។
ក្រុមចម្រៀងលោកយាយ មិនត្រឹមតែកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនោះឡើយ ប៉ុន្តែពួកគាត់បានធ្វើឱ្យសាច់ញាតិ ពិសេសចៅៗមានមោទនភាពជាខ្លាំងចំពោះសមិទ្ធិផលរបស់លោកយាយខ្លួន៕