ប្រាសាទបុរាណ Kokuseki គឺជាទីសក្ការៈបូជា ក្នុងខេត្ត Iwate ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។ ទីនោះមានភាពល្បីល្បាញដោយសារពិធីបុណ្យ Sominsai (បុរសអាក្រាតកាយ) ដែលប្រារព្ធឡើងជាប្រចាំឆ្នាំ។ ពិធីបុណ្យដ៏ចម្លែកដែលបុរសអាក្រាតកាយរាយរយនាក់ប្រកួតប្រជែងគ្នាដណ្ដើមកាបូបដែលមានផ្ទុកទៅដោយគ្រឿងលម្អឈើបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំ។
ប៉ុន្តែឆ្នាំនេះ គឺជាឆ្នាំចុងក្រោយដែលពិធីបុណ្យនេះកើតឡើង ដោយសារតែការរៀបចំព្រឹត្តិការណ៍ដែលទាក់ទាញអ្នកចូលរួមរាប់រយនាក់ និងភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយឆ្នាំៗនេះ បានក្លាយជាបន្ទុកសម្រាប់អ្នកស្រុកដែលមានវ័យកាន់តែចំណាស់។ «វាពិបាកណាស់ក្នុងការរៀបចំពិធីបុណ្យនេះឱ្យត្រូវទៅតាមមាត្រដ្ឋាន។ ដូចអ្នកបានឃើញអ្វីដែលបានកើតឡើងនៅថ្ងៃនេះ មនុស្សជាច្រើនមកទីនេះគ្រប់យ៉ាងមើលទៅរំភើប ប៉ុន្តែនៅខាងក្រោយឆាក មានពិធីសាសនាជាច្រើន និងការងារជាច្រើនដែលត្រូវធ្វើ…ខ្ញុំមិនអាចព្រងើយកន្តើយនឹងការពិតដ៏លំបាកនេះទេ។»
នៅក្នុងសង្គមនៃប្រទេសជប៉ុនមានកំនើនមនុស្សអាយុច្រើនលឿនជាងប្រទេសដទៃ ដែលជាកត្តាបង្ខំឱ្យសាលារៀន ហាង និងសេវាកម្មផ្សេងៗ ត្រូវបិទទ្វារ ជាពិសេសគឺនៅតំបន់ សហគមន៍តូចៗឬនៅតាមជនបទ។ ជាធម្មតា ពិធីបុណ្យបុរសអាក្រាតកាយ ដែលស្ថិតនៅក្នុងប្រាសាទបុរាណ Kokuseki ច្រើនប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 7 នៃខែទី 19 តាមច័ន្ទគតិរហូតដល់ព្រឹកបន្ទាប់។ ប៉ុន្តែអំឡុងនៃការរាតត្បាតជំងឺ កូវីដ១៩ ពិធីបុណ្យសាសនានេះត្រូវបានកែសម្រួល ដោយរក្សាបានតែសកម្មភាពមួយចំនួនដូចជាសកម្មភាពអធិដ្ឋាន និងពិធីសាសនាតូចៗប៉ុណ្ណោះ។
ពិធីដែលទាក់ទាញមនុស្សចូលរួមយ៉ាងសម្បើមនេះ ប្រារព្ធឡើងនៅពេលថ្ងៃលិច ដោយមានបុរសស្លៀកខោពណ៌សទៅប្រាសាទភ្នំ ងូតទឹកក្នុងព្រែក និងដង្ហែជុំវិញបរិវេណប្រាសាទ។ នៅក្នុងក្បួនដង្ហែ ស្ថិតក្នុងអាកាសធាតុ ត្រជាក់នៃខ្យល់រដូវរងានៅភាគខាងជើងប្រទេសជប៉ុន អ្នកចូលរួមពួកគេបានស្រែកថា «jasso joyasa» ដែលមានន័យថា «អាក្រក់ទៅឆ្ងាយ»។
គេអាចមើលឃើញថាមានមនុស្សជាច្រើនបានកាន់កាមេរ៉ាដើម្បីផ្ដិតរូបភាពទុកជាអនុស្សាវរីយ៍ ចំណែកស្ថានីយទូរទស្សន៍ននា ក៏បានថតយកសកម្មភាពរបស់អ្នកចូលរួមទាំងអស់ដើម្បីផ្សព្វផ្សាយផងដែរ។ ក្រៅពីនោះចំណុចដែលជាទីចាប់អារម្មណ៍បំផុតនៃកម្មវិធីបុណ្យនេះ គឺមានបុរសរាប់រយនាក់បានប្រមូលផ្ដុំគ្នាក្នុងវិហារ ស្រែកយំ និងវាយដំគ្នាដណ្ដើមយកកាបូបដែលមានផ្ទុកដោយគ្រឿងអលង្កា។ ចំណុចកំពូលនៃពិធីបុណ្យគឺនៅពេលដែលបុរសរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្នុងព្រះវិហារ ស្រែកយំ និងវាយដំគ្នាយ៉ាងគឃ្លើន ដើម្បីប្រកួតប្រជែងយកកាបូបដែលផ្ទុកទៅដោយគ្រឿងអលង្កា។
យ៉ាងណាមិញចាប់ពីឆ្នាំក្រោយទៅ ពិធីបុណ្យបុរសអាក្រាតកាយនៅទីសក្ការៈ Kokuseki នឹងជំនួសមកវិញដោយពិធីបួងសួង និងកម្មវិធីផ្សេងៗវិញ។ ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះ ប្រជាជនកាន់តែមានវ័យចំណាស់ និងកង្វះមនុស្សវ័យក្មេងដើម្បីធ្វើកិច្ចការផ្សេងៗ។ លោក Yasuo Nishimura អ្នកចូលរួមក្នុងពិធីបុណ្យនេះបានថ្លែងថា វាប្រហែលជាពិបាកណាស់ក្នុងការធ្វើដូចកាលពីមុន។
លោក Toshiaki Kikuchi អ្នកស្រុកដែលបានទទួលគ្រឿងឥស្សរិយយស និងជាអ្នកដែលបានជួយរៀបចំពិធីបុណ្យនេះអស់រយៈពេលជាច្រើនឆ្នាំ បាននិយាយថា លោកសង្ឃឹមថាពិធីបុណ្យនេះនឹងត្រលប់មកវិញនៅពេលអនាគត។ លោកបានមានប្រសាសន៍ទៀតថា៖ «ទោះជាមានទម្រង់ផ្សេងក៏ដោយ ខ្ញុំសង្ឃឹមថានឹងរក្សាប្រពៃណីនេះ… មានអ្វីជាច្រើនដែលអ្នកអាចដឹងគុណ បានលុះត្រាតែអ្នកចូលរួម»។
ត្បិតនៅ Kokuseki បានកុបចោលពិធីបុណ្យនេះ តែប្រាសាទផ្សេងទៀតនៅទូទាំងប្រទេសជប៉ុននៅតែបន្តប្រារព្ធពិធីបុណ្យស្រដៀងគ្នានេះ ដែលបុរសស្លៀកខោជើងវែង និងងូតទឹកក្នុងទឹកត្រជាក់ ឬប្រកួតប្រជែងដើម្បីភាពទាក់ទាញ៕