សៀមរាប ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើឃាតកម្ម ប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ នៅចំណុចស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

ការឃាត់ខ្លួនជនសង្ស័យនេះ ក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សំ ស៊ី ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានសារធាតុញឿននៅក្នុងខ្លួន។ ​ចំណេកជនរងគ្រោះឈ្មោះ នាវ ស្រីហ៊ុច  ភេទស្រី  អាយុ៣៣ឆ្នាំ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

បន្ទាប់ពីចាប់ខ្លួន​ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់សម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយកន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្តីនិងគ្នា ពុំមាននរណាបានដឹង ទើបខ្លួនគុំគួន ជាមួយជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល១៣និង៣០នាទី ខ្លួនបានផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតដាវចំនួន០១ដើម ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ០១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះ កុំឱ្យគេឃើញ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនតែម្តង។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕

អត្ថបទ៖ ចតុមុខ

Share.