ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ហ្វ្រាំងមិនជាប់ជ្រុលបុករុញរថយន្ត២គ្រឿង និងម៉ូតូហុងដាឌ្រីមមួយគ្រឿងកំពុងបើកខាងមុខ រងខូចខាតដំណំ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ចំណុចផ្លូវរថភ្លើង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-3077 ដឹកទំនិញ បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ ជ្រុលបុកពីក្រោយ រថយន្ត Prius ពណ៌ស ពាក់ស្លាកលេខ ភញនំពេញ 2BW-4676 រុញទៅបុកពីក្រោយរថយន្តFord ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BU-6397 បន្តរុញទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IP-1398 បណ្តាលឱ្យរថយន្ត៣គ្រឿង ម៉ូតូមួយគ្រឿងរងខូចខាតដំណំ តែមិនបង្កឱ្យអ្នកណារងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ យករថយន្ត ម៉ូតូដាក់កៀនខាង ហើយភាគីទាំង៤ សុំធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តកូរ៉េដឹកទំនិញ ត្រូវបានថៅកែចេញមុខដោះស្រាយ ដោតចេញសងថ្លៃជួសជុល ទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.