សិល្បៈអន្តរជាតិ៖ កញ្ញា Madison Marsh វ័យ២២ឆ្នាំ អនុសេនីយ៍ត្រីទ័ពអាកាស និស្សិតសកលវិទ្យាល័យ Harvard ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញគោលនយោបាយសាធារណៈ បានក្លាយជាមន្ត្រីយោធាកំពុងបម្រើការងារដំបូងគេដែលឈ្នះមកុដបវរកញ្ញាអាមេរិកឆ្នាំ ២០២៤។
យោងតាម CNN កញ្ញា Madison គឺជាបេក្ខភាពបវរកញ្ញាឱ្យ Colorado បានយកឈ្នះបេក្ខភាព ៥០នាក់ផ្សេងទៀតដែលបានចូលរួមប្រកួតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ក្រោយឈ្នះមកុដជយលាភីកញ្ញា បានចែករំលែកសំណេរនៅលើបណ្ដាញសង្គម IG ថា៖ «អ្នកអាចសម្រេចគ្រប់កិច្ចការងារទាំងអស់។ ផ្ទៃមេឃគ្មានដែនកំណត់នោះឡើយ ហើយមានតែមនុស្សម្នាក់គត់ដែលអាចបញ្ឈប់អ្នកបាននោះគឺជាអ្នកខ្លួនឯង»
ជារឿងមួយដ៏រីករាយដែលមន្ត្រីរបស់ខ្លួនទទួលបានជ័យជំនះនៅក្នុងការប្រកួតដ៏ធំ នាយកដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានបង្ហោះពីជោគជ័យនេះនៅលើបណ្ដាញសង្គម X អតីត Twitter ដោយសំដៅដល់កញ្ញា Madison ថា «មនុស្សរបស់ពួកយើង»
បេក្ខភាពចំនួន ៥១ រូបមកពីរដ្ឋផ្សេងៗគ្នានៅក្នុងសហរដ្ឋអាមេរិក បានចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាអាមេរិកឆ្នាំ២០២៤ វគ្គផ្ដាច់ព្រ័ត្រនៅទីតាំងនៃរដ្ឋហ្ល័ររីដា ដោយមានបេក្ខភាពតែ១១រូបប៉ុណ្ណោះដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងនោះមានបេក្ខនារី ១០រូប ជ្រើសរើសដោយគណៈកម្មការ និងបេក្ខនារី១រូបជ្រើសរើសដោយការបោះឆ្នោត ឱ្យចូលទៅដល់វគ្គប្រកួតបឋម។
នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របេក្ខនារីនីមួយៗត្រូវប្រកួតប្រជែងលើវិញ្ញាសារជាច្រើនដូចជា ការសម្ដែង ការបង្ហាញឈុតស្រមោសរ ដោយវគ្គនេះដែរ គណៈកម្មាការនឹងជ្រើសរើសបេក្ខនារីកំពូល Top5 ឱ្យចូលទៅដល់វគ្គផ្ដាច់ព្រ័ត្រ។
បេក្ខភាពចុងក្រោយទាំង៥រូបនឹងត្រូវ បានសួរសំនួរដែលឱ្យបង្ហាញពីគំនិត ទស្សនវិស័យរបស់ពួកគេក្នុងនាមជាបវរកញ្ញា តំណាងឱ្យ សហរដ្ឋអាមេរិក។
គួរដឹងថាកញ្ញា Madison Marsh ម្ចាស់តំណែងបវរកញ្ញាអាមេរិកឆ្នាំ ២០២៤ គឺជាយុវតីដ៏មានសមត្ថភាព ព្រោះកញ្ញាទទួលបាន License បើកបរយន្តហោះ (Pilot) តាំងពីមានអាយុត្រឹម ១៦ឆ្នាំប៉ុណ្ណោះ៕