សិល្បៈអន្តរជាតិ៖ រដ្ឋាភិបាល ឥណ្ឌូណេស៊ី គ្រោងនឹងតាមមាគ៌ារបស់ប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រគំតន្ត្រី Taylor Swift នៅក្នុងការដេញថ្លៃមួយដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរណ៍បរទេសស្នាក់នៅកាន់តែយូរ និងចំណាយប្រាក់ក្នុងប្រទេសខ្លួនកាន់តែច្រើន។
«យើងត្រូវការពឹងលើ Taylor Swift ជំរុញសេដ្ឋីកិច្ច ដើម្បីវិស័យទេសចរណ៍ឥណ្ឌូណេស៊ី» នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីទេសចរណ៍លោក Sandiaga Salahuddin Uno បានថ្លែងប្រាប់សារព័ត៌មាន Bloomberg។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះគឺយោងទៅតាមអ្វីដែលសិង្ហបុរីបានផ្ដល់ឱ្យ Taylor Swift នូវការប្រគំតន្ត្រីខ្នាតយក្ស ដើម្បីជាផ្នែកមួយជួយទាក់ចិត្តអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះដែលមានឈ្មោះថា «Swifties»។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ចេញប្រាក់ដើមទុនចំនួន១ពាន់លានរូពី ឬប្រមាណ៦៤លានដុល្លារអាមេរិក ដើម្បីជួយដល់អ្នករៀបចំកម្មវិធីដើម្បីធ្វើការដេញថ្លៃបង្កើតកម្មវិធីស្រដៀងទៅនឹងការប្រគំតន្ត្រីទេសចរណ៍របស់ Taylor Swift នេះបើយោងតាមការផ្សាយរបស់ South China Morning Post។
កន្លងមកលោកនាយករដ្ឋមន្ត្រីថៃលោក Settha Tavisin បានប្រាប់វេទិការធុរកិច្ចកាលពីថ្ងៃទី១៦ ខែកុម្ភៈថា សិង្ហបុរី បានចាយឱ្យ Taylor Swift ចំនួន១០០លានបាត (ស្មើនឹង២.៧៧លានដុល្លារ) សម្រាប់ការសម្ដែង១ Show ជាថ្នូរនឹងការដែលតារាចម្រៀងប៉ុបអាមេរិករូបនេះសម្ដែងតែនៅក្នុងប្រទេសសិង្ហបុរីតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការផ្សាយរបស់កាសែត Reuters
ប្រទេសឈានមុខគេផ្នែកសេដ្ឋកិច្ចដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏មានផែនការផ្ដល់ភាពងាយស្រួលដល់ការសុំទិដ្ឋិការពីភ្ញៀវទេសចរណ៍មកពីបណ្ដាប្រទេសផ្សេងៗ ដើម្បីផ្ដល់ឱ្យអ្នករៀបចំកម្មវិធីក្នុងស្រុកកាន់តែស្រួលពង្រីកទំហំរៀបចំកម្មវិធីប្រគំតន្ត្រីនានា។
កាលពីឆ្នាំមុន តាមដឹងប្រទេសឥណ្ឌូណេស៊ី មានភ្ញៀវទេសចរណ៍បរទេសចូលទៅកម្សាន្តប្រមាណ១១.៧លាននាក់ ហើយនៅឆ្នាំ ២០២៤ នេះ ឥណ្ឌូណេស៊ី ដាក់គោលដៅធ្វើយ៉ាងណាត្រូវតែមានភ្ញៀវទេសចរណ៍ទៅកម្សាន្តប្រទេសខ្លួនឱ្យបានចំនួន ១៤លាននាក់៕