ភ្នំពេញ ៖  បុរសអនាថា២នាក់បានចូលទៅសម្ងំប្រេីប្រាស់​ថ្នាំញៀនក្នុងអគារទុកចោលមួយកន្លែង រួចក៏កេីតមានជម្លោះ ឈ្លោះប្រកែកគ្នា និងបានវាយតបគ្នាទៅវិញ ទៅមក បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួនសន្លប់ស្តូកស្តឹងទាំងពីរ នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២  និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ ទី១៨ ខែ សីហា ឆ្នាំ ២០២១  នៅអគារទុកចោល  យីហោវិថី ពាណិជ្ជកម្ម ចុងស៉ីង  ផ្លូវបេតុង  សង្កាត់ទន្លេ បាសាក់ខណ្ឌចំការមន ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើបានចាក់សោបិទទ្វារទុកចោល ហើយក៏មិនមាននរណាម្នាក់នៅចាំមើលការខុសត្រូវនោះដែរ ហើយគេសង្កេតឃើញមានជនអនាថា លួចចូលទៅខាងក្នុងសង្ងំប្រើប្រាស់គ្រឿងញៀន ស្ទើរជារៀងរាល់ថ្ងៃ  ហើយនៅថ្ងៃកើតហេតុក៏ឃើញមានជនអនាថាបានចូលទៅបរិវេណខាងក្នុងទីតាំងនោះផងដែល លុះដល់វេលាកើតហេតុក៏ស្រាប់តែមានបុរសដែលជាជនអនាថាម្នាក់បាន រត់ចេញមកខាងក្រៅនិងបានដួលសន្លប់ទាំងមានសភាពរងរបួសឈាមស្រោចពេញខ្លួន ហើយក៏ឮសំឡេងក្ដុងក្ដាំងនៅបរិបវេណជាន់ខាងលើនៃទីតាំងកើតហេតុដោយមិនដឹងថា មានរឿងអ្វីនោះទេ រួចប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍តែម្ដង។

បន្ទាប់ពីសមត្ថកិច្ច​ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ  ក៏ប្រទះឃើញបុរស ២នាក់រងរបួសសន្លប់ស្តូកស្តឹងម្នាក់នៅខាងក្រោម  និងម្នាក់ទៀតនៅជាន់លើ  ហេីយចំពោះមូលហេតុពិតប្រាកដ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ   ព្រោះជន រងគ្រោះរបួសធ្ងន់ពេកមិនអាចសួរនាំលម្អិតបាន។  ក្រោយកេីតហេតុសមត្ថកិច្ចបានទាក់ទងរថយន្តសង្គ្រោះបន្ទាន់ មកដឹកជន រងគ្រោះ ទាំងពីរនាក់ទៅសង្គ្រោះ ៕​

អត្ថបទ: តាតុងពោធ៍សែនជ័យ

Share.