មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តបត់មិនប្រយ័ត្ន ប៉ះជាមួយមូតូ បណ្ដាលឲ្យយុវជនម្នាក់បានរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង 7 និង 30នាទីយប់ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2021 ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

យោងតាមប្រភពបឋមនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេប្រទះឃើញ   រថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ-2B-67 97 បើកបរដោយឈ្មោះ ចាន់ ថាណា ភេទប្រុស អាយុ ៤៨ ឆ្នាំ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បត់មិនបានប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកអ៊ិចសង់ទ័រ បើកបរដោយឈ្មោះ ជា ជី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ក្នុងល្បឿនលឿនក៏ជ្រុលចង្កូតមកបុកពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ចំណែកម៉ូតូនិងរថយន្តរងការខូចខាតស្ទើរតែទាំងស្រុងតែម្ដង។

ភ្លាមនោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែក អ្នកបើកបរម៉ូតូ និងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនិងសាកសួរដោះស្រាយតាមនីតិវិធី៕

Share.