សិល្បៈអន្តរជាតិ៖ ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ដ៏ធំលើកទីប្រាំមួយរបស់កំពូលតារាចម្រៀងប៉ុបអាមេរិក នាង Taylor Swift បានចាប់ផ្ដើមប្រារព្ធឡើងចាប់តាំងពីថ្ងៃទី៩ ខែមីនា នៅក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែការប្រគំតន្ត្រីនេះក៏បានបង្កឱកាសឱ្យដល់ជនឱកាសនិយមឆ្លៀតកេងចំណេញនិងឆបោកជនរងគ្រោះដែលប្រាថ្នាចង់ចូលទស្សនាការប្រគំតន្ត្រីដោយផ្ទាល់។ បើយោងតាមរបាយការណ៍ពីមន្ត្រីប៉ូលីសអំពើឆបោកតាមប្រព័ន្ធអេឡិចត្រូនិចពាក់ព័ន្ធនឹងសំបុត្រចូលទស្សនា The Eras Tour នៅតែមាន។
យោងតាមគេហទំព័រ The Nation ជំនួយការស្នងការប៉ូលិស លោក អៀលិន យ៉ាប (Aileen Yap) ដែលជាជំនួយការនាយកការិយាល័យប្រឆាំងការបោកប្រាស់ បាននិយាយ នៅក្នុងបទសម្ភាសន៍នឹងមួយកាសែត The Straits Times នៅថ្ងៃទី ១១ ខែមីនា ស្ដីពីអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ។ លោក Yap បាននិយាយថា របាយការណ៍ដែលដាក់បង្ហាញនោះ រួមមានជនរងគ្រោះមួយចំនួន ដែលបានទិញសំបុត្រពីអ្នកលក់បន្ត ហើយបានទៅពហុកីឡដ្ឋានជាតិ ដោយគ្រាន់តែដឹងថា សំបុត្រនោះក្លែងក្លាយ ហើយពួកគេមិនអាចចូលកន្លែងបបាននោះទេ។ ក្នុងករណីផ្សេងទៀត អ្នកបោកប្រាស់បានក្លាយជាមិនអាចទាក់ទងបានបន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ។
ប៉ូលីសបានឱ្យដឹងថា ចន្លោះពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១២ ខែមីនា យ៉ាងហោចណាស់មានជនរងគ្រោះចំនួន ១,៥៥១ នាក់បានធ្លាក់ចូលទៅក្នុងការឆបោកតាមប្រព័ន្ធអេឡិចត្រូនិចដែលពាក់ព័ន្ធនឹងការទិញសំបុត្រប្រគុំតន្ត្រី ដោយមានការខាតបង់ប្រាក់សរុបចំនួនយ៉ាងហោចណាស់ $៧៣៧,០០០។
ត្បិតថាមានផ្ទុះចេញនូវករណីបោកប្រាស់ដូច្នេះក្ដី ប៉ុន្តែអ្នកជំនាញមួយចំនួនជឿថា ខណៈពេលដែលការបោកប្រាស់ចាំបាច់ត្រូវដោះស្រាយ របាយការណ៍បោកប្រាស់ដែលកើនឡើងនឹងមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសសិង្ហបុរីជាមជ្ឈមណ្ឌលវប្បធម៌នោះទេ៕