សិល្បៈជាតិ៖ តារាចម្រៀង សុខ សីឡាលីន ដែលមានតួនាទីជាមន្ត្រីនគរបាលមួយរូបផងនោះ បានទៅចូលរួមបំពេញកាតព្វកិច្ចធ្វើតេស្តសារធាតុញៀន នាបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយលទ្ធផល អវិជ្ជមាន។


យោងតាមការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងកំពុងដើរតួនាទីជាគណៈកម្មការ Beat The Best រដូវកាលទីពីរបានចែករំលែកដំណឹងនិងលទ្ធផលតេស្តរបស់កញ្ញា នៅលើទំព័រហ្វេសប៊ុក អមដោយរូបថតអនុស្សាវរីយ៍ ព្រមទាំងបានរៀបរាប់ភ្ជាប់ជាមួយនោះដែរថា៖«ក្នុងនាមជាមន្ត្រីនគរបាលមួយរូប នាងខ្ញុំគាំទ្រយ៉ាងពេញទំហឹង និងបានចូលរួមធ្វើតេស្តសារធាតុញៀន ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤ នៅ បណ្ឌិត្យសភានគរបាលកម្ពុជា។ លទ្ធផល អវិជ្ជមាន #យើងរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ #បណ្ឌិត្យសភានគរបាលកម្ពុជា #គ្រូនគរបាលជាតិ




សូមជម្រាបជូនថាការធ្វើតេស្តទឹកនោមរកសារធាតុញៀនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងគ្រូនគរបាលជាតិ នៅតាមបណ្ដាអង្គភាពចំណុះនៃបណ្ឌិតសភានគរបាលកម្ពុជានេះគឺយោងទៅសេចក្ដីប្រកាសរបស់បណ្ឌិត្យសភានគរបាលកម្ពុជាដែលប្រព្រឹត្តិទៅចំនួន ៤ថ្ងៃគឺ ថ្ងៃទី១៨ ថ្ងៃទី១៩ ថ្ងៃទី២០ និងថ្ងៃទី២១ ដូច្នេះហើយ កញ្ញា សុខ សីឡាលីន ក្នុងនាមជាមន្ត្រីនគរបាលមួយរូបត្រូវតែចូលរួមគោរពនិងអនុវត្តន៍ទៅតាមសេចក្ដីប្រកាសរបស់អង្គភាព៕


