ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុង និងក្រៅស្រុកជាង៣០ស្ថាប័ន នៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីគោលនយោបាយទេសចរណ៍ចំនួន៨ចំណុច ដែលកំពុងអនុវត្ត ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ក្រោយញាំញីដោយវិបត្តិកូវីដ-១៩។ គោលនយោបាយទាំង៨នោះរួមមាន៖
យុទ្ធសាស្ត្របង្កើន៥ ចំណុច
១. បង្កើនកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ
២. បង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើអន្តរជាតិ
៣. បង្កើនប្រសិទ្ធភាពនៃការពង្រឹងបដិសណ្ឋារកិច្ច
៤. បង្កើនពិពិធកម្មផលិតផលទេសចរណ៍
៥. បង្កើនភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍
កិច្ចការទាំង៥ខាងលើជោគជ័យ លុះត្រាតែអភិវឌ្ឍ ៣ ចំណុចខាងក្រោម
៦. អភិវឌ្ឍធនធានមនុស្ស ដែលបម្រើដល់តម្រូវការទេសចរណ៍
៧. ការរៀបចំរចនាសម្ព័ន្ធស្ថាប័ន គាំទ្រដល់វិស័យទេសចរណ៍
៨. ការធ្វើឌីជីថលភាវូបនីយកម្មលើវិស័យទេសចរណ៍
ដើម្បីកាន់តែលម្អិត សូមទស្សនាបទសម្ភាសន៍ជាមួយឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖
តាមរយៈគោលនយោបាយខាងលើ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងឆ្នា ២០២៤ ថា អាចនឹងកើនឡើងរហូតដល់ស្មើ ឬទាបជាងឆ្នាំ ២០១៩ តិចតួចប៉ុណ្ណោះ។ យោងទៅតាមរបាយការណ៍ក្រសួងទេសចរណ៍ កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរណ៍ដែលបានមកទស្សនាកម្ពុជា មានចំនួនជាង ៦ ៦១០ ០០០ នាក់ ក្នុងនោះបែងចែកជា តំបន់រាជធានីភ្នំពេញ ទទួលបានទេសចរអន្តរជាតិចំនួន ៤ ៤០៤៨៩៥ នាក់ ស្មើនឹង៥៥.៨ភាគរយ នៃចំនួនសរុប។ តំបន់សៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិ ចំនួន ២ ២០៥ ៦៩៧ នាក់ ស្មើនឹង២៧.៩ភាគរយ នៃចំនួនសរុប។ តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិ ចំនួន ១ ២០៤ ៣៧៤ នាក់ ស្មើនឹង១៥.៣ភាគរយ នៃចំនួនសរុប។ ក្រៅពីនេះនៅមាននៅតាមតំបន់អេកូទេសចរណ៍ និងទីតាំងទេសចរណ៍តាមបណ្ដាខេត្តនានាផ្សេងទៀត។
អត្ថបទ៖ ឈិន ធារ៉ាត់