ទេសចរណ៍ចិន និងឥណ្ឌាក្លាយជាគោលដៅត្រូវចាប់ នៃប្រទេសក្នុងតំបន់អាស៊ាននៅឆ្នាំ ២០២៤ នេះ។ សិង្ហបុរី ម៉ាឡេស៊ី និងថៃកំពុងប្រកួតប្រជែងយ៉ាងញាប់ដៃញាប់ជើង ដើម្បីទាញយកភ្ញៀវទេសចរចិន ខណៈទេសចរឥណ្ឌាគឺជាជំហានបន្ទាប់។
ចំណែកឯកម្ពុជាវិញ ហាក់ដូចជាយឺតយ៉ាវក្នុងការត្រៀមខ្លួនបន្តិច ប៉ុន្តែកម្ពុជាក៏មិនព្រងើយកន្តើយដែរ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាកំពុងចរចាជាមួយឥណ្ឌា ដើម្បីរៀបចំជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់ក្រុងញីវដេលី ដើម្បីទាញភ្ញៀវទេសចរឥណ្ឌាឲ្យមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈកម្ពុជាមានជើងហោះហើរផ្ទាល់ជាមួយចិនហើយ។
ឯកឧត្ដម សុខ សូកេន បញ្ជាក់ថា ចិន និងឥណ្ឌាគឺជាទីផ្សារទេសចរណ៍អាទិភាពរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ ក្រៅពីនេះមានអាស៊ីបូព៌ា និងអឺរ៉ុប ជាទីផ្សារអាទិភាពបន្ទាប់។ ជាមួយគ្នានេះដែរ កម្ពុជាក៏ត្រូវរៀបចំខ្លួនឲ្យបានលឿន ដើម្បីទទួលភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា ដែលអាចនឹងមានកំណើនខ្ពស់នៅពេលខាងមុខ។
ការបញ្ជាក់របស់ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយសរសេរជាភាសាអង់គ្លេស ក្រសួងទេសចរណ៍កាលពីចុងអាណត្តិមុន ធ្លាប់លើកឡើងពីការរំពឹងទុករបស់ខ្លួនថា នៅឆ្នាំ ២០២៤ នឹងអាចទទួលបានភ្ញៀវទេសចរប្រមាណជា ៥ ៦០០ ០០០ នាក់។
អត្ថបទ៖ ឈិន ធារ៉ាត់