ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបម្រើដល់ទេសចរណ៍តំបន់នេះ ក្រោយពេលស្ថានភាពទេសចរណ៍ចាប់ផ្ដើមងើបឡើងវិញ ជាបណ្ដើរៗ។
លោក សាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក លើកឡើងនូវតម្រូវការចាំបាច់បី ដែល សហគមន៍របស់លោកកំពុងខ្វះខាត ដោយក្នុងនោះ ទី១ ផ្លូវថ្នល់ ទី២ ស្ដារព្រែកឲ្យជ្រៅជាងមុន និងទី៣ ស្នាក់ការសន្តិសុខ និងផ្ដល់ព័ត៌មានដើម្បីសម្រួលដល់ភ្ញៀវទេសចរ។
បើតាមលោក សាង គង់ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គ្របដណ្ដប់លើភូមិចំនួនបី នៃឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានប្រជាជនសរុបជាង ៣ ៨០០ នាក់ ប្រកបរបរនេសាទ ៣០ ភាគរយ ហើយងាកមកប្រកបរបរបម្រើសេវាទេសចរណ៍៥០ភាគរយ ក្រៅពីនោះនៅមានរបរផ្សេងៗទៀត។ សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក មានសហគមន៍ចំណុះចំនួន៣ទៀត គឺសហគមន៍នេសាទ សហគមន៍ទេសចរណ៍ធម្មជាតិ និងសហគមន៍ទូកដឹកភ្ញៀវទេសចរណ៍។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកមានព្រៃឈើជាង ៤០ ហិកតារ នៅជាប់នឹងបឹងទន្លេសាប ដែលជាទីអាស្រ័យនៃជីវចម្រុះផ្សេងៗ ជាពិសេសសត្វស្លាប ហើយវាបានក្លាយជាសក្ដានុពលទេសចរណ៍ដ៏ស្រស់បំព្រង ទាំងរដូវប្រាំង និងវស្សា៕
ដោយ ឈិន ធារ៉ាត់