មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរក្រុងកែបបានហៅអាជីវករលក់ដូរនៅម្ដុំឆ្នេរកែប២នាក់ទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាព្រមានមិនឲ្យប្រព្រឹត្តកំហុសឆ្គងដែលនាំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងសណ្ដាប់ធ្នាប់សាធារណៈ។
សូមបញ្ជាក់ថា លើកនេះ មិនមែនជាលើកទីមួយនោះទេ ដែលអាជ្ញាធរក្រុងកែប ក៏ដូចជាខេត្តកែប បានហៅអ្នកដែលប្រព្រឹត្តកំហុសឆ្គងបែបនេះមកអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជ្ញាធរដើម្បីធានាថា មិនឲ្យមានកំហុសឆ្គងតទៅទៀត ខណៈអាជ្ញាធរតែងចុះទៅណែនាំប្រាមប្រាប់ជារឿយៗ។
តំបន់ទេសចរណ៍តាមបណ្ដោយឆ្នេរកែប កន្លងមកតែងលេចឮនូវរឿងអាស្រូវមួយចំនួនទាក់ទងនឹងការឈរបក់ដៃហៅ និងចាប់ភ្ញៀវឲ្យចូលកន្លែងរបស់ខ្លួន ចាប់ទីតាំងសាធារណៈតាមបណ្ដោយឆ្នេរ ដើម្បីក្រាលកន្ទេលជួលឲ្យភ្ញៀវ ឈ្លោះប្រកែកឡូឡា កាប់កោភ្ញៀវ និងកេងបន្លំភ្នែកជញ្ជីងជាដើម។ បញ្ហានេះបង្កជាការរំខានដល់ភ្ញៀវទេសចរខ្លះដែរ ហើយធ្វើឲ្យភ្ញៀវទេសចរលែងចង់ទៅលេងខេត្តកែប ឬទៅលេងដែរតែមិនទិញរបស់របរ និងម្ហូបអាហារនៅទីនោះ។ វាក៏ជាបញ្ហាធ្វើឲ្យអាជ្ញាធរឈឺក្បាលផងដែរ បើទោះបីពួកគាត់បានចេញសេចក្ដីណែនាំផង ចុះទៅណែនាំផ្ទាល់ផង រហូតដល់ចាត់វិធានការក្ដៅផង ក៏អាជីករមួយចំនួនតូចហាក់ដូចជាមិនព្រមសហការសោះ។
ជាក់ស្ដែងកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ មុនថ្ងៃចូលឆ្នាំខ្មែរមកដល់ អាជ្ញាធរក្រុងកែបបានអញ្ជើញអាជីវកររកស៊ីតាមឆ្នេរកែបមកអប់រំណែនាំ និងឲ្យធ្វើកិច្ចសន្យា ដោយព្រមានមិនឲ្យប្រព្រឹត្តអំពើនាំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងកិច្ចសន្យាអ្នកទាំងពីរបានសន្យាចំពោះមុខអាជ្ញាធរថា៖
១. មិនយកទីតាំងសាធារណៈធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីក្រាលកន្ទេល ដាក់តុ កៅអី ចងតង់ ដាក់ឆត្រ។ល។
២. មិនរំខានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
៣. គោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនឈរបក់ដៃហៅភ្ញៀវ មិនដណ្ដើមភ្ញៀវ មិនលក់ម្ហូបអាហារថ្លៃហួសហេតុ មិនលក់របស់គ្មានគុណភាព និងគ្មានអនាម័យឲ្យទៅភ្ញៀវ មិនជេរប្រមាថភ្ញៀវ មិនទារយកប្រាក់ភ្ញៀវដោយមិនសមហេតុផល មិនឈ្លោះប្រកែកជេរប្រមាថគ្នារវាងអាជីវករ និងអាជីវករដូចគ្នា នាំឲ្យរំខានដល់ភ្ញៀវ និងគ្មានសីលធម៌ និងត្រូវមានសុជីវធម៌ទៅកាន់ភ្ញៀវ។
៤. សូមសន្យាចូលរួមថែទាំអនាម័យ និងសោភណភាព និងសម្អាតទីសាធារណៈ ឲ្យបានជាប់លាប់ជាប្រចាំនៅពេលលក់ដូរ និងក្រោយពេលលក់ដូរ។
ត្រយងនៅមិនទាន់ទាក់ទងទៅរដ្ឋបាលក្រុងកែបបានទេ ដោយសារលោក ឃន វុទ្ធី ថារូបលោកជាអភិបាលក្រុងស្ដីទី ដូច្នេះលោកមិនទាន់ចង់បរិយាយទេ។
បើតាមអ្នកសារព័ត៌មានប្រចាំខេត្តកែបបានឲ្យដឹងថា លោក ឃន វុទ្ធី អភិបាលក្រុងកែបស្ដីទី បានបញ្ជាក់ថា លោកនឹងហៅអាជីវករដែលទារលុយពីភ្ញៀវទេសចរនៅឆ្នេរកែប ទៅអប់រំបន្ថែមទៀត។ ការអប់រំណែនាំនេះ រដ្ឋបាលក្រុងកែប បានធ្វើជាច្រើនដងរួចហើយ ហើយកាលពីសប្ដាហ៍មុននេះ លោកក៏បានចុះណែនាំអាជីវករដែលរកស៊ីនៅតាមបណ្ដោយឆ្នេរកែបនោះរួចហើយដែរ មុនរដូវចូលឆ្នាំថ្មីមកដល់ យ៉ាងណានៅតែមានអ្នកឆ្លៀតឱកាសបង្កភាពមិនសប្បាយរីករាយដល់ភ្ញៀវទេសចរ។
លោកសង្កត់ធ្ងន់ថា អាជ្ញាធរហាមដាច់ខាតមិនអោយមានការក្រាលកន្ទេលយកលុយ ឬទារពីភ្ញៀវទេសចរនោះទេ ដោយឡែកសម្រាប់ទីតាំងលើការ៉ូឡា តាមបណ្ដោយមាត់ឆ្នេរស្រី-ស ដែលភ្ញៀវទេសចរមកដាក់តុអង្គុយនោះ ក៏មិនអនុញ្ញាតឲ្យភ្ញៀវទេសចរ ឬអាជីវករ ក្រាលកន្ទេល ឬដាក់តុអង្គុយនោះដែរ ដោយទុកសម្រាប់តែផ្លូវថ្មើរជើងប៉ុណ្ណោះ។
អត្ថបទ៖ ឈិន ធារ៉ាត់