ឯកឧត្ដម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ពន្យល់បន្ថែមលើរបាយការណ៍ចំនួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃកន្លងទៅមានចំនួនជាង ២១លាន ៧សែននាក់ គឺជាតួលេខមិនសុក្រឹត១០០ភាគរយនោះទេ វាជាការប៉ាន់ប្រមាណ ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ ដូចជាទិន្នន័យដែលបានពីផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ទីតាំងទេសចរណ៍ កន្លែងទុក ឬផ្ញើយានយន្តជាដើម។
អ្នកនាំពាក្យក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួនមនុស្សប្រមាណជាង ២១លាន ៧សែននាក់នេះ មិនមែនសុទ្ធតែទេសចរទាំងអស់នោះទេ ក្នុងនោះក៏រាប់បញ្ចូលផងដែរនូវចំនួនប្រជាពលរដ្ឋដែលដើរលេងកម្សាន្តពីកន្លែងមួយទៅកន្លែងមួយ ដោយមិនស្នាក់នៅបានមួយយប់។ និយាយជាសាមញ្ញថា ដើរកម្សាន្តវិលល្ងាច ហើយគេហៅក្រុមអ្នកដំណើរប្រភេទនេះថា អ្នកធ្វើដំណើរកម្សាន្ត។ ចំណែកឯទេសចរ គឺសំដៅដល់អ្នកដែលធ្វើដំណើរកម្សាន្ត ធ្វើទស្សនកិច្ច ឬធ្វើដំណើរទៅកន្លែងណាមួយក្នុងគោលបំណងផ្សេងទៀត ដោយបានស្នាក់នៅចាប់ពីមួយយប់ឡើងទៅ ទើបហៅថា ភ្ញៀវទេសចរ ឬទេសចរ។
ឯកឧត្ដមពន្យល់បន្ថែមថា នៅក្នុងការរាប់ចំនួនអ្នកដំណើរកម្សាន្ត និងភ្ញៀវទេសចរ គេរាប់ចំនួនដង នៃមនុស្សដែលបានធ្វើដំណើរទៅមកគោលដៅណាមួយ (ឧ. រមណីយដ្ឋានណាមួយ)។ ប្រសិនបើមនុស្ស៥នាក់ ធ្វើដំណើរទៅកាន់គោលដៅ៥កន្លែង ដូច្នេះគេនឹងរាប់ថា ២៥នាក់ បែបនេះហើយ មនុស្សធ្វើដំណើរទៅកាន់គោលដៅកាន់តែច្រើន ចំនួនអ្នកធ្វើដំណើរ ឬទេសចរក៏ច្រើនដែរ។
មូលហេតុដែលគេគិតចំនួនអ្នកដំណើរ ឬទេសចរជាចំនួនដង ដោយសារកាលណាពួកគាត់ធ្វើដំណើរពីគោលដៅមួយទៅគោលដៅមួយទៀត គឺត្រូវចំណាយជាមូលដ្ឋានរួមមាន ថ្លៃធ្វើដំណើរ ថ្លៃអាហារហូបចុក ថ្លៃស្នាក់នៅ និងចំណាយផ្សេងៗទៀត ដែលជាចរន្តសេដ្ឋកិច្ច។
យោងតាមការចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ មានទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសសរុបប្រមាណ ២១ ៧០០ ០០០ នាក់។ ទេសចរបរទេស មានប្រមាណ ១១០ ០០០ នាក់។ ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ៕
អត្ថបទ៖ ឈិន ធារ៉ាត់