ពិតណាស់មួយរយៈនេះ កំដៅនៅលើបណ្ដាញសង្គម ហាក់ដូចជាក្ដៅមិនចាញ់អង្សាខែចេត្រនោះឡើយ ព្រោះតែបញ្ហាចម្រូងចម្រាសដែលបង្កឡើងដោយអ្នករកប្រាក់តាមអ៊ីនធឺណិតម្នាក់ឈ្មោះ ប៊េកប៉េកឺ បានផុសចំអកក្នុងចេតនា ញុះញង់ឱ្យមានទំនាស់គ្នា រហូតធ្វើឱ្យភាគីកម្ពុជាចាំបាច់ត្រូវតែឆ្លើយតបទៅកាន់ថៃវិញដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ យ៉ាងណាមិញគេឃើញថាភាគីថៃ ដែលជាក្រុមផេក MMO ហាក់ដូចជាឆ្លៀតឱកាសយកបញ្ហាចម្រូងចម្រាសនេះ មកធ្វើជាប្រធានបទ ដុតកំដៅ ដើម្បីគោលបំណងទាញយកប្រជាប្រិយភាព ពិសេសចំណូលចូលហោប៉ៅរបស់ក្រុមពួកគេ។
តួយ៉ាងដូចជាគេឃើញមានផេកមួយដែលមានឈ្មោះថា ក្រុងថេបវ៉ាន់នី ដែលចូលចិត្តប្រើសំនួនវោហារបែបឌឺដងមកឱ្យប្រជាជនកម្ពុជាដរាប។ ត្បិតយើងដឹងពីចេតនាអាក្រក់របស់ក្រុមជ្រុលនិយមនេះក្ដី ប៉ុន្តែបើយើងនៅស្ងប់ស្ងៀម នឹងធ្វើឱ្យពួកគេកាន់តែបានចិត្តហើយបន្តប្រើប្រាស់រូបភាពមកលើប្រទេសកម្ពុជា និងប្រជាជនខ្មែរកាន់តែខ្លាំងថែមទៀត។
មិនអាចនៅស្ងៀមឱ្យផេកនេះ បន្តបំភ្លៃការពិតជាបន្តទៀត គេឃើញពលរដ្ឋខ្មែរ ជាច្រើនបានចេញមកតបតចំពោះផេកខាងលើ ដូចជា៖ «លេងគេមុន គេលេងវិញខឹង… បើខឹង កុំលេង បើលេង កុំខឹង…Page នេះ ភាគច្រើន និយាយតែពីចំនុចមិនល្អពីកម្ពុជា…[មានអ្នកជិតខាងល្អ មានដូចមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន]» «ខ្លួនឯងនឹងស្អី? សំងំតាមដាន ហើយនិយាយអាក្រក់ពីគេទៀត មុននឹងថាឱ្យគេមើលខ្លួនឯងផង ផេកអ្នកឯងផុសនិយាយស្អីខ្លះ ប្រយ័ត្នស្ពាយចូលនគរមិនអស់ មុនធ្វើអ្វីមួយ យកភ្នែកមើល ប្រើខួរគិតផង ធ្វើជាមនុស្សប្រើបេះដូងនិងក្ដីស្រលាញ់ណា កុំផុសព្រុសគេ នាំកិត្តិយសដល់ប្រទេស» «ចុះហែងប្រឹងផ្សាយរកម៉ែហែងស្អីតាមដានគេមុនសោះ ខួរដូចចុចៗ »
ជាការពិតណាស់ បើយើងវិភាគឱ្យបានស៊ីជម្រៅហើយតាមដានសាច់រឿងឱ្យលម្អិត មិនមានអ្នកណាអាចប្រកែកទេថា ពលរដ្ឋកម្ពុជាក្ដី អ្នកប្រើប្រាស់បណ្ដាញសង្គម ឬសូម្បីតែបុគ្គលល្បីៗរបស់កម្ពុជា មិនធ្លាប់ដែលបង្ករឿងឬបង្កើតហេតុការណ៍ដើម្បីទាញយកល្បីនោះឡើយ គឺមានតែការតបត និងលាតត្រដាងការពិតកុំឱ្យភាគីថៃ បានចិត្ត ហើយគិតថាគេអាចនិយាយអ្វីក៏បាន បង្កើតភស្ដុតាងក្លែងក្លាយបោកភ្នែកអន្តរជាតិតាមតែចិត្តចង់បានដោយងាយស្រួលប៉ុណ្ណោះ៕