ក្រុមមន្ត្រីបាននិយាយនាថ្ងៃពុធ នេះថា ការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបង្ខំឱ្យអាកាសយានដ្ឋានជាច្រើន ផ្អាកដំណើរការបណ្ដោះអាសន្ន ខណៈកម្ទេចផេះបានហោះរាលដាលដល់ប្រទេសម៉ាឡេស៊ី ខណៈអាជ្ញាធរបានប្រញាប់ប្រញាល់ជម្លៀសមនុស្សរាប់ពាន់នាក់ ដោយសារតែការភ័យខ្លាចនៃរលកយក្សស៊ូណាមិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។

ភ្នំភ្លើង Ruang បានផ្ទុះឡើងចំនួន ៣ដង កាលពីថ្ងៃអង្គារ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផេះចម្ងាយជាង ៥គីឡូម៉ែត្រទៅលើមេឃ និងបង្ខំឱ្យអាជ្ញាធរចេញបញ្ជាឱ្យជម្លៀសប្រជាជនក្នុងតំបន់ចំនួន​ ១២,០០០នាក់។

នាវាជួយសង្គ្រោះ និងនាវាចម្បាំងមួយគ្រឿងត្រូវបានបញ្ជូនទៅតំបន់នោះ ដើម្បីជួយជម្លៀសមនុស្សរាប់ពាន់នាក់ ពីកោះ Tagulandang ដែលនៅជិតខាងភាគខាងជើងទៅកាន់កោះ Siau ដោយសារតែមានការព្រមានអំពីផ្នែកខ្លះនៃភ្នំភ្លើងដែលធ្លាក់ចូលទៅក្នុងសមុទ្រ អាចបង្កជារលកយក្សស៊ូណាមិ។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេស (BMKG) បានចែករំលែកផែនទី កាលពីព្រឹកថ្ងៃពុធ ដែលបង្ហាញថា កម្ទេចផេះភ្នំភ្លើងបានហុយទៅដល់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo ដែលនៅក្បែរខាងជាមួយឥណ្ឌូនេស៊ី និងប្រ៊ុយណេ។

យោងតាមការជូនដំណឹងពីក្រុមហ៊ុនអាកាសចរណ៍ AirNav Indonesia ដែលគ្រប់គ្រងដោយរដ្ឋ បានឱ្យដឹងថា ការរីករាលដាលនៃផេះភ្នំភ្លើង បានបង្ខំឱ្យអាកាសយានដ្ឋានចំនួន៧ ត្រូវបិទដំណើរការបណ្ដោះអាសន្ន នៅក្នុងខេត្ត Manado និងទីក្រុង Gorontalo។

លោក Julius Ramopolii ប្រធានប៉ុស្តិ៍ត្រួតពិនិត្យ Mount Ruang បាននិយាយថា ភ្នំភ្លើងនេះនៅតែបញ្ចេញផេះ និងផ្សែងហុយចេញពីភ្នំ នៅព្រឹកថ្ងៃពុធ នេះដដែល។

លោកបាននិយាយថា «កម្រិតប្រកាសអាសន្ននៅតែមានកម្រិតខ្ពស់បំផុតនៃប្រព័ន្ធប្រកាសអាសន្ន ៤ថ្នាក់ ហើយបានអំពាវនាវឱ្យអ្នកស្រុកនៅក្រៅតំបន់ហាមឃាត់ចម្ងាយ ៧គីឡូម៉ែត្រ»។

សូមជម្រាបថា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំមួយ ជួបប្រទះនឹងការរញ្ជួយដី និងសកម្មភាពបន្ទុះភ្នំភ្លើងញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅលើចំណុច «ចិញ្ចៀនភ្លើង» នៃមហាសមុទ្រប៉ាស៊ីហ្វិក៕

ប្រភព៖ CNA

Share.