រៀបការគឺជារឿងមួយដ៏ល្អ និងជាសេចក្ដីសុខ សុភមង្គល នៅក្នុងជីវិតសម្រាប់មនុស្សស្រី ប៉ុន្តែមិនដឹងថាមានកម្មអី អាពាហ៍ពិពាហ៍របស់ម៉ាក់ និច និងហ៊ា ឆាត បែរជាក្លាយជាវេទិកាឱ្យអ្នកផលិតមាតិកាមួយចំនួនតូច លើកយកទៅត្រូលលេងសើចសប្បាយ រហូតមានអ្នកខ្លះថែមទាំងដៀលអ្នកនាង ដួង ម៉ានិច ថាជាតារាបំពុលសង្គម និងអ្នកខ្លះទៀតថារៀបការបានប្ដីរួចបែរជាបែកទៅវិញ។ ចំពោះអ្វីដែលបានលើកឡើងខាងលើនេះ អ្នកស្រី សម្ផស្ស អ្នកផលិតមាតិការវីដេអូមានប្រជាប្រិយភាពមួយរូបរស់នៅប្រទេសជប៉ុន បានចេញវីដេអូក្ដៅៗហុយៗ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីវែកញែកពីរឿងតារាសម្ដែង ដួង ម៉ានិច។
នៅក្នុងវីដេអូដែលអ្នកស្រី សម្ផស្សបានបង្ហោះរយៈពេលជិត ១៦នាទីនោះ បានលើកច្រើនចំណុចទាក់ទងនឹងអ្នកនាង ដួង ម៉ានិច ដោយយើងខ្ញុំសូមសង្ខេបខ្លឹមសារខ្លីៗ និងងាយយល់ជម្រាបជូនអ្នកតាមដានសារព័ត៌មានត្រយងដូចតទៅ៖
«អ្នកស្រីសម្ផស្ស លើកសរសើរថាអ្នកនាង ដួង ម៉ានិច គឺជាសិល្បការិនីដែលមានពានបញ្ជាក់ពីគុណភាពនិងសមត្ថភាពសម្ដែងបានគ្រប់ទំរង់ ជាតឹកតាងស្រាប់ ហើយលោកស្រីក៏បានលើកឡើងដែរថាការធ្វើត្រាប់តាម Asoka Trend បែបល្ខោននោះ ក៏មានការចូលរួមសហការនិងជួយពីហ៊ាឆាត ដែលជាស្វាមីដែរ ដូច្នេះ មិនចាំបាច់ព្រួយបារម្ភឬខ្មាសគេជំនួសម្ចាស់ខ្លួននោះដែរ។ នៅក្នុងវីដេអូនោះអ្នកស្រី សម្ផស្ស ថែមទាំងលើកឡើងដែរថា អ្នកនាង ដួង ម៉ានិច គឺជាអ្នកសិល្បៈមួយរូប ហេតុនេះមិនថាជាទំរង់បុរាណឬសម័យពិតណាស់ អ្នកនាងគឺអាចធ្វើបានគ្រប់ទំរង់ទាំងអស់។ អ្នកស្រី បានសរសើរម៉ាក់និច ថាជាមនុស្សល្អ ជាកូនដោយគន្លងធម៌ ថែមទាំងសរសើរថា អាពាហ៍ពិពាហ៍របស់គាត់ មិនបម្រើសុរា ជាពិសេសគូស្វាមីថ្មោងថ្មីមួយគូនោះក៏ជាគូដែលស្គាល់ធម៌អាថ៌ថែម។ អ្នកផលិតមាតិកាគុណភាព អ្នកស្រី សម្ផស្ស បានលើកជាសារដាស់ស្មារតីដែរថា នៅក្នុងថ្ងៃរៀបការ ថ្ងៃដ៏មានសុភមង្គល ប្រសិនបើយើងមិនបានសាទរគេទេ យើងមិនគួរទៅសើចយំ ឬយករឿងគេមកលេចសើចនោះទេ ព្រោះនោះគឺជាសិទ្ធិបុគ្គល ហើយក៏ជាការសាងអនុស្សាវរីយ៍មួយសម្រាប់ជីវិតគូរបស់បុគ្គលរៀងៗខ្លួន លោកស្រីផ្ដាំទៅអ្នកផលិតមាតិកាដែរថា យើងជាអ្នកធ្វើវីដេអូមែន តែគ្មានសិទ្ធិ ទៅជាន់ឈ្លីរឿងអ្នកដទៃនេះទេ។»
បន្ទាប់ពីវីដេអូរបស់អ្នកស្រីសម្ផស្ស បានបង្ហោះជាសាធារណៈ គេឃើញអ្នកនាង ដួង ម៉ានិច និងស្វាមី ហ៊ាឆាត បានចូលមកថ្លែងអំណរគុណនៅខាងក្រោមវីដេអូ ចំពោះទឹកចិត្តស្រលាញ់រាប់អាន និងការវែកញែកបកស្រាយប្រកបដោយភាពត្រឹមត្រូវរបស់អ្នកស្រីសម្ផស្ស។ ដោយឡែកអ្នកគាំទ្រមួយភាគធំ បានចូលមកលើកទឹកចិត្តនិងសរសើរដល់ ហ៊ាឆាត និងដួង ម៉ានិច ព្រមទាំងនិយាយថាចូលចិត្តមើលវីដេអូរបស់អ្នកទាំងពីរទៀតផង។ ចំណែកអ្នកគាំទ្រ របស់អ្នកស្រី សម្ផស្ស ក៏បានចូលរួមបញ្ចេញជាយោបល់ គាំទ្រចំពោះការលើកឡើងរបស់អ្នកស្រីថាពិតជាត្រឹមត្រូវ ថែមទាំងលើកឡើងថា អ្នកស្រី គឺជាអ្នកផលិតមាតិកាគុណភាពមួយរូប ដែលចូលរួមក្នុងការកែតម្រូវរឿងអសកម្មក្នុងសង្គម៕