កណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីធាក់ប្លន់យកម៉ូតូមួយគ្រឿង នៅអំឡុងខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ  នៅចំណុចផ្លូវពីថ្នល់កែង ស្រុកបាធាយ ឆ្ពោះទៅស្ពានព្រែកក្តាម។

ជនសង្ស័យចំនួន០៤នាក់ ទី១.ឈ្មោះ ហែម ផល្លា ហៅឡា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រីងជ្រំ ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។  ទី២.ឈ្មោះ លី លាងសេង ហៅង៉ោ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ករណីហិង្សា និងធ្វើឱ្យខូតខាតដោយចេតនា នៅស្រុកមុខកំពូល ទាំងពីរនាក់មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោមដូចគ្នា។ ចំណែក២នាក់ទៀតកំពុងគេចខ្លួន ។

 តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល កម្លាំងអធិការស្រុកមុខកំពូល ក្រុងអរិយក្សត្រ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះស្រាវជាវករណីអំពើលួច ហើយបានធ្វើរដ្ឋបាល នៅផ្ទះជួល ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការសង្ស័យក៏ហៅឈ្មោះ ហែម ផល្លា មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។

ក្រោយសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធាក់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ធំ 1P-1227 កាលពីខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៣ទៀបភ្លឺ នៅចំណុចផ្លូវថ្នល់កែងស្រុកបាធាយ ទៅស្ពានព្រែកក្តាម ជាមួយបក្ខពួកខ្លួនចំនួន០៣នាក់ទៀត ពិតប្រាកដមែន។ ចំពោះម៉ូតូដែលប្លន់បាន ឈ្មោះ លី លាងសេង ហៅង៉ោ យកទៅជិះហើយត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ឃាត់ខ្លួន។

បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន ដើម្បីរងចាំស្រាវជ្រាវ រកបក្ខពួកជនសង្ស័យបន្តទៀត៕

អត្ថបទ៖ កណ្តាល

Share.