ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤ បានបញ្ជូនខ្លួនស្ត្រីជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា (ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) ឆបោក និង រំលោភលើទំនុកចិត្ត។

ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យបានបានទទួលជនសង្ស័យចំនួន ០១ នាក់ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី៖

១.ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។

២.ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ យករូបថតឯកឧត្តមស្នងការ(ឯកឧត្តម ជួន ណារិន្ទ) ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង ។

៣.រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤,៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២។

៤.បន្លំ (ទិញទុរេនមិនឲ្យប្រាក់ចំនួន២៣១,២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤

ជនសង្ស័យមានឈ្មោះ ឃុត ដាវី  ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបុរី កាដាវីនថោន ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ ចតុមុខ

Share.