សិល្បៈជាតិ៖ អតីតតារា​សម្ដែង​ដ៏ល្បីល្បាញ​ ដែល​អ្នក​គាំទ្រ​ស្គាល់​លោក​ច្រើន តាម​រយៈតួអង្គ នាយខៀវ ឬ ទុំ ច្រើន​ជាង​ឈ្មោះ​កំណើត ស៊ុក​ សុភា ទើប​តែ​ចេញ​មក​ទម្លាយ​ដំណឹង​ ដ៏​រីករាយនូវ​ការ​ទទួល​បាន​សញ្ជាតិ​អូស្ត្រាលី​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗនេះ​។

កាល​ពីថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤ អតីត​តារា​សម្ដែង​ដែល​បាន​រៀបអាពាហ៍ពិពាហ៍ជាមួយ​នារី​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី អ្នក​នាង លុយ សារីនណា កាល​ពីថ្ងៃ​ទី​ ២២ ខែមិថុនា ឆ្នាំ​២០១២ បាន​ចេញ​​មក​បង្ហោះ​រូបភាព​មួយ​សន្លឹក​ ព្រម​ជាមួយ​នឹង​ Caption យ៉ាង​ខ្លី​មាន​ភ្ជាប់​រូបទង់ជាតិ​អូស្ត្រាលី​ថា៖ «ចូលសញ្ជាតិអូស្ត្រាលី Australia Citizens»។​ ​​សារ​ខ្លីរបស់​លោកដែល​​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​នេះ បាន​បញ្ជាក់​ឱ្យ​មិត្ត​ភក្ដិ និង​អ្នក​គាំទ្រ​បាន​ទទួលជ្រាប​ថា​ នៅពេល​នេះ​លោក​ទទួល​បាន​​សិទ្ធិ​ជា​ពលរដ្ឋ​អូស្ត្រាលី ពេញលេញហើយ​។

ជាមួយ​នឹង​ការ​ចូលរួម​អបអរសាទរ​ចំពោះ​ដំណឹង​ដ៏​រីករាយ​សម្រាប់​តារា​រូប​នេះ​ អ្នក​ខ្លះ​ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដែរ​ថា ការ​ទទួល​បាន​សញ្ជាតិ​នៅ​ស្រុក​គេ​រាងពិបាក​បន្តិច ព្រោះ​ត្រូវ​ឆ្លងកាត់​ទាំង​ការ​ប្រឡង​សរសេរ​និង​ការ​ប្រឡង​ផ្ទាល់​មាត់​ ដូច្នេះ​ហើយ ទើប​ត្រូវ​ការ​ប្រើ​រយៈពេល​យូរ​បន្តិច​ទម្រាំ​តែ​ទទួល​បាន​សញ្ជាតិ​ និង​មាន​សិទ្ធិ​ជា​ពលរដ្ឋ​ស្រប​ច្បាប់​បាន​។

គួរដឹងថា​លោក​ ស៊ុក សុភា និង​ ​ភរិយា​ អ្នក​នាង​ លុយ​ សារីនណា បច្ចុប្បន្ន​កំពុង​រស់​នៅ​យ៉ាង​មាន​សុភមង្គល​នៅលើទឹកដីអូស្ត្រាលីជាមួយ​នឹង​កូន​ៗទាំង​៥​នាក់​របស់​ខ្លួន។ ត្បិត​ថា​រស់​នៅ​ប្រទេស​អូស្ត្រាលីជាអចិន្ត្រៃយ៍​ តែ​បុគ្គ​ល​ល្បី​ និង​មាន​ចំនួន​អ្នក​តាមដាន​ច្រើន​​លើ​បណ្ដាញ​សង្គម​អនឡាញ​​ទាំង​ប្ដីនិង​ប្រពន្ធ​មួយ​គូ​នេះ​ក៏​ឧស្សាហ៍ចេញ​ចូល និង​មាន​កិច្ច​ការ​ងារ​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ជាពិសេស​គឺ​លោក ស៊ុក សុភា​ផ្ទាល់​តែម្ដង​៕

Share.