មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងការិយាល័យបម្រែបម្រួលអាកាសធាតុរបស់ប្រទេសថៃ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រទេសថៃ ប្រហែលជា ត្រូវពិចារណាផ្លាស់ប្តូរទីតាំងរដ្ឋធានីបាងកក របស់ខ្លួន ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។

ការ​ព្យាករ​ជា​បន្តបន្ទាប់​បង្ហាញ​ថា​ ទីក្រុង​បាងកក​ ដែល​មាន​កម្រិត​ប្រឈមនឹងហានិភ័យ​នៃការជន់​លិច​ដោយ​មហាសមុទ្រ​នៅមុន​ដំណាច់​សតវត្សរ៍នេះ។ រាជធានី​ដែល​មាន​ភាព​អ៊ូអរ​ជា​ច្រើន​ បាន​តតាំងនឹង​ទឹកជំនន់ជន់លិច​ជារៀងរាល់ឆ្នាំ​ក្នុង​រដូវ​វស្សា។

លោក Pavich Kesavawong អគ្គនាយករងនៃនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានរបស់រដ្ឋាភិបាលថៃ បានព្រមានកាលពីថ្ងៃពុធ ថា ទីក្រុងអាចនឹងមិនអាចសម្របខ្លួនជាមួយការប្រែប្រួលអាកាសធាតុរបស់ពិភពលោកទេ ប្រសិនបើបន្ដស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន។ លោក​បាន​ប្រាប់ AFP ដោយ​សំដៅ​លើ​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ពិភពលោក​ ពី​​មុន​ឧស្សាហកម្ម​ចាប់ផ្ដើម ដោយនិយាយថា ​៖ «​ខ្ញុំ​គិត​ថា កំដៅសីតុណ្ហភាព​ពិភពលោកបានកើនលើស​ហួស​ពី​កម្រិត ១,៥អង្សាសេ ហើយ។ លោកបន្ថែមថា «ខ្ញុំស្រមៃថា ទីក្រុងបាងកក នឹងស្ថិតនៅក្រោមទឹករួចហើយ ប្រសិនបើយើងស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ»។

លោក Pavich បាននិយាយថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងរិះរកវិធានការដែលរួមមានការសាងសង់ទំនប់វារីអគ្គិសនីនៅតាមបណ្តោយផ្លូវដែលប្រើប្រាស់ក្នុងប្រទេសហូឡង់។ ប៉ុន្តែ​លោក Pavich បាន​ថ្លែង​ថា​ «​យើង​បាន​គិត​អំពី​ការ​ផ្លាស់​ទី​រដ្ឋធានី ដោយ​កត់​សម្គាល់​ថា ​ការ​ពិភាក្សា​នៅ​តែ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​»។លោក​ យល់ឃើញថា ​វា​ជា​ជម្រើស​ដ៏​ល្អ ដូច្នេះ​យើង​អាច​បំបែក​រាជធានី តំបន់​រដ្ឋាភិបាល និង​តំបន់​អាជីវកម្ម ឱ្យដាច់ពីគ្នា ពោលគឺ ទីក្រុងបាងកក នឹងនៅតែជារដ្ឋធានីរបស់រដ្ឋាភិបាល ប៉ុន្តែត្រូវមានការផ្លាស់ប្តូរតំបន់អាជីវកម្ម»។

សូមជម្រាបថា ប្រទេសថៃ កំពុងទទួលរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ខណៈកសិករប្រឈមបញ្ហាដោយសារការឡើងកម្ដៅខ្លាំង និងគ្រោះរាំងស្ងួត ចំណែកឯអាជីវកម្មទេសចរណ៍ រងផលប៉ះពាល់ ដោយសារតែការប្រែពណ៌ផ្កាថ្ម បានកំណត់គោលដៅអព្យាក្រិតកាបូននៅឆ្នាំ២០២៥ និងគ្មានកាបូនត្រឹមឆ្នាំ២០៦៥៕

ប្រភព៖ CNA

Share.