សិល្បៈ​ជាតិ​៖ សិល្បករ​ចម្រៀង​ ជើងចាស់ លោក សុះ ម៉ាច បាន​ចេញ​មកបង្ហាញ​ចំណាប់​អារម្មណ៍​និង​ដង្ហើយ​សុំ​យ៉ាង​ទទូចឱ្យ​មាន​ការ​ផ្ដល់ជូន​នូវ​គ្រឿង​ឥស្សរយស្តិ៍ ដល់​តន្ត្រីករ​ សិល្បករ​ជើងចាស់​ដែល​បាន​បម្រើ​នៅ​ក្នុង​វិស័យ​​នេះ​ជា​យូរ​ឆ្នាំ​ ដើម្បី​ផ្ដល់​តម្លៃនិង​កិត្តិយស​ជូន​ពួក​គាត់​សម្រាប់​ជីវិត​ចុង​ក្រោយ​។

ថ្លែង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ភ្ជាប់​ជាមួយ​នឹង​រូប​ថត​មួយ​សន្លឹក​ជាមួយ​នឹង​អតីត​តន្ត្រី​ករ​ ទូច សាគុណ ដែល​បច្ចុប្បន្ន​បាន​ចូលនិវត្តន៍ ហើយ​កំពុង​រស់​នៅ​បាត់ដឹង​ ពឹង​លើ​ប្រាក់​ខែ​មន្ត្រី​ចូល​និវត្តន៍​ចិញ្ចឹម​ជីវិត​ លោក សុះ ម៉ាច​ បាន​អំពាវនាវ សុំ​ឱ្យ​មាន​ការ​ស្រាវជ្រាវ ផ្ដល់​គ្រឿង​ឥស្សរយស្ដិ៍ដល់​ពួក​គាត់​ដើម្បីជាការលើក​ទឹក​ចិត្ត​ សម្រាប់​ជីវិត​ចុង​ក្រោយ​ពួក​គាត់​ ព្រោះ​លោក​មាន​ក្ដី​បារម្ភខ្លាំង​ដោយ​វ័យ​រៀមច្បង​ទាំង​អស់​នោះ​កាន់តែ​ជ្រាលជ្រេ​ទៅ​ហើយ​។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «ថ្ងៃនេះមកជួបអតីតតន្ត្រីករ រៀមច្បងដែលបម្រើជាតិក្នុងវិស័យសិល្បៈអស់រយៈពេល៣៤ឆ្នាំរួមជាមួយអ្នក សិល្បៈដទៃ រួមជំនាន់នៅវិទ្យុជាតិ។តម្ត្រីករ ហ្គីតាបាសដ៏ល្អឆ្នើមម្នាក់នេះគឺលោក ទូចសាគុណខ្ញុំធ្លាប់ស្គាល់និងច្រៀងក្នុងបារជាមួយគាត់កាលពី ៣០ឆ្នាំមុន លោកជាប្អូនបង្កើតរបស់លោកទូចសាលីម្ចាស់បទ ភក្តីស្នេហ៍។ ឥឡូវកម្សត់លាក់ខ្លួននៅបាត់ដឹង គ្មានអ្វីពឹងក្រៅពីពឹងលើប្រាក់ចូលនិវត្តន៍។បើនិយាយពីគ្រឿង ឥស្សរិយយសថ្នាក់ជាតិដូចអ្នកសិល្បៈជំនាន់ចាស់ថ្មីដទៃដែលទើបទទួលបានពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី គឺគ្មានសោះ តែធ្លាប់ទទួលដែរពីក្រសួងព័ត៌មានគឺឯកឧត្តមខៀវកាញារឹទ្ឋ។សម្រាប់យោបល់របស់ខ្ញុំគួរតែផ្តល់ជូនពួកគាត់ដែលបម្រើជាតិក្នុងវិស័យសិល្បៈយូរបែបនេះក៏ជាការលើកទឹកចិត្ត ព្រោះវ័យរបស់ពួកគាត់កាន់តែចាស់និងជរាហើយ មិនគួរមើលរំលងឡើយ។គួរតែស្រាវជ្រាវរកពួកគាត់មកផ្តល់កិត្តិយសសម្រាប់ជីវិតចុងក្រោយផងចុះវាជាគំរូល្អដល់អ្នកជំនាន់ក្រោយផងដែរ។ខ្ញុំសូមទោសបើខ្ញុំសរសេរប៉ះពាល់អារម្មណ៍លោកអ្នក ទាំងនេះជាការចូលរួមសំណូមពរក្រើនរំឮកប៉ុណ្ណោះ។»

អ្វី​ដែល​ជា​ការ​ស្នើសុំ​និង​លើក​ឡើង​របស់​លោក​ សុះ ម៉ាច នេះក៏​មាន​ការ​គាំទ្រ​និង​យល់​ស្រប​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ និង​មិត្តសិល្បករ​មួយ​ចំនួន​ផងដែរ ព្រោះ​គេ​ដឹង​ថាព្រឹទ្ធាចារ្យ​ដែល​ជា​ ​តន្ត្រីករ​ក្ដី សិល្បករ​ក្ដី សុទ្ធសឹងតែ​បាន​លះបង់​ច្រើន​ដើម្បី​បុព្វហេតុ​នៃ​ការ​ថែរក្សា​សិល្បៈ វប្បធម៌ និង​តូរ្យ​តន្ត្រី​របស់​ខ្មែរ​យើង​ដើម្បី​ទុក​ជា​កេរមរតក​​សម្រាប់​យុវជ​នជំនាន់​ក្រោយ​៕

Share.