បញ្ចប់​ជា​ស្ថាពរហើយ​សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​ម៉ូដែល​កម្រិត​អន្តរជាតិ​ Mr and Miss Classy Model International 2024 កាល​ពីរាត្រី​ថ្ងៃ​អាទិត្យទី​ ១៩ ខែ​ឧសភា​ ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ជាថ្មី​ម្ដង​ទៀត​ ដែល​កូន​ខ្មែរ​២​រូប ​គឺ​ បុរស​សង្ហា ធិ ធារ៉ា និង​ កញ្ញា ម៉ៅ នីង មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខ្លួន​ខក​បំណង​ ព្រោះចេញ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​លើក​នេះ​ ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា​ដូចៗ​គ្នា​។

បន្ទាប់​ពី​ចាកចេញ​ពី​មាតុ​ប្រទេស​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ ទាំង ​ធារ៉ា និង​ ម៉ៅ នីង ​បាន​ប្រឹង​ប្រែង​បញ្ចេញ​អស់​កម្លាំងកាយ​ចិត្ត​ មិន​គិត​ថ្ងៃ​ឬ​យប់​ធ្វើ​យ៉ាងណា​ បំពេញ​គ្រប់​វិញ្ញាសារ​ដែល​កម្មវិធី​ដាក់​ឱ្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​បាន​ល្អប្រសើរ។ ទីបំផុត​ការ​ខិតខំប្រឹងប្រែង​របស់​អ្នក​ទាំង​ពីរ​បាន​ហុចផល​ជា​ផ្លែផ្កា​ ទោះ​ជា​មិន​មែន​ជា​ម្ចាស់​មកុដ​ ប៉ុន្តែ​តំណែង​លំដាប់​រងទីមួយ ឬចំណាត់​ថ្នាក់លេខ​២ របស់​ ធិ ធារ៉ា​ និង​ លំដាប់​រងទីពីរ​ ឬចំណាត់​ថ្នាក់​លេខ​៣ របស់​ ម៉ៅ នីង នៃ​កម្មវិធី​កម្រិត​អន្តរជាតិ​លើក​នេះ ក៏​អាច​បញ្ជាក់​ឱ្យ​ឃើញ​ពី​សមត្ថភាព​ដ៏ពេញ​លេញ​របស់​បេក្ខភាព​តំណាង​កម្ពុជា​យើង​នៅ​លើឆាក​អន្តរជាតិ​ផង​ដែរ​។

បើតាម​ការ​ឱ្យដឹងពី ​ធារ៉ា រូប​នេះ​មិន​ភ្លេច​ថ្លែង​អំណរគុណ​មនុស្ស​សំខាន់ៗ​ដែល​បាន​ផ្ដល់ឱកាស​និង​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​តាំង​ពី​មុន​ការ​ប្រកួត​រហូត​ដល់​ចប់​ការ​ប្រកួត​ បន្ថែម​លើស​ពី​នោះ​ម្ចាស់​តំណែង​លំដាប់​រង​ទីមួយ​នេះ ក៏​មិនភ្លេច​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​និងប្រជាជន​កម្ពុជា​ទាំងអស់នោះ​ដែរ​។

ងាក​មក​ លោក​ យន់ វុទ្ធី ដែល​ជា អ្នក​គ្រប់​គ្រង​ថ្នាក់​ជាតិ​ វិញ​ ក៏​បាន​ថ្លែងអំណរគុណចំពោះ​ស្ថាប័ន​ប្រកួត​ដើរ​បង្ហាញ​ម៉ូដ Classy Model International ដែល​បាន​ផ្តល់ពិន្ទុ​យ៉ាង​សុក្រឹត្យ​ និង​មើល​ឃើញពី​តម្លៃ​នៃ​ការ​ខិតខំប្រឹងប្រែង​របស់​បេក្ខជន​កម្ពុជា ហើយ​សម្រេច​ឱ្យ​បេក្ខភាព​ ធិ ធារ៉ា និង​កញ្ញា ម៉ៅ នីង ឈ្នះ​តំណែងលំដាប់​រងទីមួយ​​និង​លំដាប់រងទីពីរ​នៃ​កម្មវិធី​។ អ្នក​គ្រប់គ្រងវ័យក្មេង​ដែល​បាន​បង្កើត​កម្មវិធី DIANO Fashion Model សន្យា​ថា​ខ្លួន​នឹង​ លើក​ស្ទួយ​ក៏ដូច​ជា​ជំរុញ​គ្រប់​សព្វបែបយ៉ាង ពោល​គឺធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ឆ្ពោះ​ទៅលើ​ឆាកអន្តរជាតិ​។ លោកក៏បាន​សំណូម​ពរ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ចូលរួម​គាំទ្រ​កម្មវិធី និង​មាតិកាល្អៗ មិន​បំពុល ឬ​អសីលធម៌ក្នុង​សង្គម​ ដើម្បី​ជា​ចំណែក​មួយ​ជួយ​បន្សាប​គំនិត​អវិជ្ជមាន​ចូលទៅក្នុង​ផ្នត់គំនិត​របស់​យុវជន​ជំនាន់​ក្រោយ​។

សូមជម្រាបជូន​ថា ម្ចាស់​តំណែង​ថ្មោងថ្មី ទាំង​ពីររូប និង​អ្នក​គ្រប់​គ្រងថ្នាក់ជាតិ​ របស់​កម្ពុជា នឹង​ធ្វើ​ដំណើរនិវត្តន៍មក​ដល់​មាតុភូមិ​កម្ពុជា​ នាព្រលានយន្ត​ហោះ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២១ ខែឧសភា វេលាម៉ោង៨យប់​៕

Share.