សិល្បៈជាតិ៖ ថ្មីនេះៗ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកដំបូងនៅរាធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងទីស្តីការក្រសួង។

តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានថ្លែងថា ព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នេះ នឹងត្រៀមប្រារព្ធពិធីបើកនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពចតុម្មុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងប្រារព្ធពិធីបិទនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

ចំពោះក្រុមចម្រៀងជាពួកអន្តរជាតិគឺអញ្ជើញមកពីបណ្តាប្រទេសអាស៊ានចំនួន៧ក្រុមមកចូលរួមប្រកួតប្រជែង៖ កម្ពុជា២ក្រុម ឥណ្ឌូនេស៊ី២ក្រុម ម៉ាឡេស៊ី២ក្រុម និងថៃឡង់ដ៍១ក្រុម សរុបប្រមាណ២៥០នាក់។ ព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នៅទីក្រុងភ្នំពេញក៏គ្រោងនឹងបន្ថែមនូវ «កម្មវិធីមិត្តភាព» (Friendship Concert) ដែលនឹងរៀបចំធ្វើនៅទីលានវត្តភ្នំ និងផ្សារទំនើប ឬទីកន្លែងណាផ្សេងទៀត សម្រាប់សាធារណជនទូទៅបានទស្សនា។ ហើយព្រឹត្តិការណ៍នេះក៏មាននូវសិក្ខាសាលាសម្រាប់សិស្សនិស្សិតមកពីសាកលវិទ្យាល័យនិងសាលាផ្សេងៗ។

សូមជម្រាប ព្រឹត្តិការណ៍នេះ រៀបចំដោយ All Dream គាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងព័ត៌មាននិងសាលារាជធានីភ្នំពេញ៕

Share.