សិល្បៈជាតិ៖ ត្រឡប់មកពីចូលរួមដើរបង្ហាញម៉ូដនៅលើព្រំក្រហមមហោស្រពភាពយន្តអន្តរជាតិទីក្រុងកានលើទី ៧៧ នាប្រទេសបារាំង វិញនាយប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ពីបទពិសោធន៍ថ្មីៗ និងការខិតខំប្រឹងប្រែងនាំឈុតជាច្រើនទៅដើរបង្ហាញនៅលើកម្រាលព្រំ។

តារាសម្ដែងស្រីរូបនេះ និយាយសង្កត់ធ្ងន់ទាំងអារម្មណ៍ក្ដុកក្ដួលទៅកាន់ក្រុមមនុស្សអវិជ្ជមានមួយចំនួនឱ្យឈប់ឈប់គិតអគតិបន្តទៀត ព្រោះថា គ្រប់យ៉ាងដែលខ្លួននិងប្អូនស្រីគឺ កញ្ញា ស៊ីន ជេននី បានធ្វើគឺជាការលះបង់ ពុះពារដើរបង្ហាញឈុតខ្មែរឱ្យអន្តរជាតិស្គាល់ ឱ្យអន្តរជាតិគាំទ្រ។  ហើយកញ្ញាមានគោលបំណងធំគឺចង់ឱ្យមានពាក្យ «សិល្បករកម្ពុជា» នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ ពោលគឺមិនមែនព្រោះដើម្បីផលប្រយោជន៍បុគ្គលនោះឡើយ។

គួរឱ្យស្ដាយបំផុតដែលតារាសម្ដែងស្រីរូបបានប្រកាសថាជាឆ្នាំចុងក្រោយហើយដែលខ្លួនបានទៅចូលរួមនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន។ គួររំលឹកថា កញ្ញា ស៊ីន យូប៊ីន បានដើរបង្ហាញឈុតនៅលើកម្រាលព្រំក្រហមមហោស្រពភាពយន្តអន្តរជាតិទីក្រុងកានទាំងអស់មាន ៣ ឈុត ហើយឈុតដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានបង្ហាញពីអត្តសញ្ញាណខ្មែរក្នុងទម្រង់ល្ខោនស្រមោលស្បែកធំគឺឈុត « នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក» ដែលជាការចូលរួមបង្ហាញផ្សព្វផ្សាយនិងគាស់រំលឹកដល់ល្ខោនស្រមោលស្បែកធំរបស់ខ្មែរបានចុះបញ្ចីបេតិកភណ្ឌវិប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ២០០៥របស់អង្គការយូណេស្កូ៕

Share.