សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០២៤ នេះបានបញ្ជាឲ្យ កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំង ប្រទេស មានវិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ដោយធ្វើទាំង វិធានការ រដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែង នោះឡើយ ដើម្បីធ្វើយ៉ាងណាការពារ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ បទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើងនៅពេលដែលសម្តេចអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា « ខ្ញុំសូមចេញបញ្ជារទៅអភិបាលរាជធានីខេត្តទាំងអស់ ជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើងជាពិសេសក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សន្តិសុខសង្គម សុវត្ថិភាពនៅតាមភូមិឃុំ គឺជាគោលដៅអតិភាពចម្បងរបស់រាជរដ្ឋាភិបាល, ចំពោះបញ្ហាគ្រឿងញៀនយើង បានអនុវត្តន៍ ហើយក៏នៅតែបន្តអនុវត្តន៍ជាប្រចាំបន្តទៀត, ក្នុងនោះចំពោះបញ្ហារឿង បើកឡានស្រវឹងបុកគេ គឺតាមអនុវត្តន៍ចាប់មិនឱ្យរួចនោះទេ បញ្ហានេះគឺរាងស្ងប់ស្ងាត់ហើយ តែបញ្ហានៅពេលនេះគឺនៅមានក្រុមដាវស៉ាំម៉ូរៃ។

ក្នុងនោះ សម្តេចក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធាន ការលើការ អនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធ ករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ចំពោះអាណាព្យាបាល និងឱពុកម្តាយគ្រប់រូប ត្រូវខិតខំតាមដានអប់រំនិងទូន្មាន ប្រដៅ កូនៗខ្លួនឱ្យបានល្អ ព្រោះកិច្ចការនេះត្រូវទាមទារឱ្យមានការចូលរួមទាំងនៅក្នុងផ្ទះ និងនៅក្នុងសាលា ទើបក្មេងៗទទួលបានផលល្អនិងទទួលបានអនាគត់ដ៏ល្អផងដែរ៕

Share.