កណ្តាល៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព ជិះម៉ូតូដេញធាក់ប្ល.ន់យកម៉ូតូ១គ្រឿងពីសិស្សសាលាម្នាក់ ខណៈជិះម៉ូតូចេញពីរៀនទៅផ្ទះកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧:៣០នាទី នៅចំនុចផ្លូវកៅស៊ូ នៅភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនបានមាន០២នាក់ ទី១.ឈ្មោះ ឱម ណាំឈៀវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងច្រុះ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ទី២.ឈ្មោះ ស៊ឹម សាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងច្រុះ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ទាំងពីរនាក់មានសារធាតុញៀននូវក្នុងទឹកនោម។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតម៉ូតូ ០២គ្រឿង មួយគ្រឿងម៉ាក Scoopy ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IW-0098 ជារបស់ជនរងគ្រោះ និងមួយ០១គ្រឿងទៀត ម៉ាក Yamaha MT ពណ៌កាប់ស្តាំង ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1KF-9310 ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព។ ទូរសព្ទដៃចំនួន ០២គ្រឿង។ និងសម្ភារៈសម្រាប់ធ្វើសកម្មភាព កូនកន្ត, កូនសោដោះគ្រឿង, ទួណឺវីសដងឈើ , នាឡិកាដៃ, ចិញ្ជៀនចំនួន ០៣វង់, កាតធនាគារវីង (Wing Bank) ចំនួន០៤សន្លឹក, កាបូបដាក់លុយ, កាបូបស្ពាយពណ៌ត្រេអ៊ី០១ ជារបស់ជនសង្ស័យ។


តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់េងបានចេញពីរៀននៅវិទ្យាល័យ ហ៊ុន សែន អង្គស្នួលទៅផ្ទះ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូធំ០១គ្រឿង បានបើកម៉ូតូប្រដេញតាមពីក្រោយខ្លួន រួចជនសង្ស័យម្នាក់ ជិះក្រោយបានធ្វើសកម្មភាពធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូបោក និងផ្លូវបណ្តាលឱ្យរងរបួស ហើយជនសង្ស័យម្នាក់ជិះក្រោយនោះ បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះជិះ ហើយជនសង្ស័យទាំង០២នាក់ បាននាំគ្នាជិះម៉ូតូគេចខ្លួនត្រឡប់ក្រោយទៅទិសខាងកើត ។

ភ្លាមនោះជនរងគ្រោះបានដកទូរស័ព្ទទៅពុករបស់ខ្លួន ហើយពុករបស់ជនរងគ្រោះបានទូរសព្ទទៅប្រជាការពារភូមិ ហើយបានបោះដៃតាមកាណាល់អាយកូម រាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ ស្រាប់តែឃើញជនសង្ស័យទាំង០២នាក់ កំពុងជិះម៉ូតូ០២គ្រឿង យ៉ាងលឿនហើយជនសង្ស័យទាំង០២នាក់ ដឹងខ្លួនថាមានសមត្ថកិច្ចដេញតាម លុះដល់ចំណុចភូមិម៉ឺនរាម ឃុំទួលព្រេជ ជនសង្ស័យម្នាក់បានផ្តួលម៉ូតូរបស់ជនរងគ្រោះចោល ហើយរត់ឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនវិញ ដើម្បីព្យាយាមបន្តជិះគេចខ្លួនទៀត។

ខណៈនោះកម្លាំងសមត្ថកិច្ចក៏នាំគ្នាជិះម៉ូតូដេញតាមហើយបោះដៃតាមប្រព័ន្ធអាយឌី តាមគោលដៅ ព្រមទាំងកម្លាំងគ្រប់ផ្នែកជំនាញស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍សំរោងលើ ប៉ុស្តិ៍ពើក និងប៉ុស្តិ៍ដំណាក់អំពិល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បាននាំគ្នាចេញស្ទាក់ដេញតែជនសង្ស័យ រហូតចូលដល់ទឹកដីភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជនសង្ស័យបានផ្តួលម៉ូតូចោល ភ្លាមៗរួចកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ និងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច ខេត្តកំពង់ស្ពឺ ក៏បានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយកន្លងមកជនសង្ស័យទាំង០២នាក់ និងបក្ខពួកធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូចំនួន ០២លើក និងធ្វើសកម្មភាពឆក់កាបូបចំនួន០៣លើក ក្នុងទឹកដីខេត្តកំពង់ស្ពឺ រួចមកហើយ ហើយខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល ០៣ឆ្នាំមកហើយ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមេជាមួយវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ កណ្តាល

Share.