សិល្បៈជាតិ​៖ នៅថ្ងៃទី​អាទិត្យ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០២៤ នា​អគារ​ស.ស.យ.ក ក្រុមយុវជន​ល្ខោនខោល​ និង​របាំ​​បុរាណ​ជំនាន់​ថ្មី​ដឹក​នាំ​ដោយ​ លោកគ្រូ ហង់ ភូមិរ៉ា បានរៀបចំ​ពិធី​សំពះគ្រូល្ខោនខោលនិងរបាំបុរាណ ប្រពៃណី។

កម្មពិធី​សំពះគ្រូ​ប្រចាំ​ឆ្នាំ​នេះ​ ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក​ គ្រូ ហង់ ភូមិរ៉ា ហៅ​យាយ​កន្តែរ៉ែ​ នេះ​មាន​ការ​ចូលរួម​ជ្រោមជ្រែង​ពី​ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងសាលាមធ្យមវិចិត្រសិល្ប: និង​បងប្អូនតំណាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនិងក្រុមសិល្បៈផ្សេងៗផងដែរ​។

ការ​រៀបចំ​កិច្ច​ពិធី​នេះ​បាន​បង្ហាញ​ពី​សេចក្ដី​ដឹង​គុណ​ កតញ្ញូចំពោះ​គ្រូ​បាអាចារ្យ​ ដែល​បាន​លះបង់​កម្លាំង​ញើស​ឈាម​​ចូលរួមបង្ហាត់​បង្រៀន​ដល់​សិស្ស​របស់​ខ្លួន​ឱ្យ​បាន​ចេះ​ចាំ​ និង​មាន​ភាព​ស្ទាត់​ជំនាញ​ ដែល​ជា​ចលនា​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​រក្សា​និង​ផ្ទេរ​នូវ​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈដល់​អ្នក​ជំនាន់​ក្រោយ​ដែល​ជា​កុល​បុត្រ​បន្ត​វេន​ ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​ទំព័រហ្វេសប៊ុក​ ទេពបទុមវង្ស ពិណពាទ្យ Orchestra បាន​សរសេរថា​៖ «វប្បធម៌​រីករស់​ព្រោះ​មាន​សន្តិភាព​​​ ​វប្បធម៌​ជ្រួតជ្រាប​រៀប​ចំ​ផ្សព្វផ្សាយ​​ វប្បធម៌​អប់រំ​ជុំ​ញាតិ​ជិត​ឆ្ងាយ​​​ ​វប្បធម៌​រីក​សាយ​ដោយ​យេីង​គាំពារ​។​»

Share.