ម៉ានីល៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ព្យុះស៊ីក្លូនត្រូពិច អេវីនែរ (Ewiniar) បានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីនៅតំបន់មួយចំនួននៃប្រទេសហ្វីលីពីន ដោយបានបណ្តាលឲ្យមនុស្ស ៤នាក់រងរបួស និងបង្កផលប៉ះពាល់ដល់មនុស្ស ២,៧៣៤នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងរបាយការណ៍មួយ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) បាននិយាយថា អ្នករងរបួសទាំង៤នាក់ មកពីតំបន់ Bicol ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។ ក្នុងរបាយការណ៍​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ​មិន​មាន​អ្នក​ស្លាប់​ទេ។

ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថា ទន្ទឹមនឹងនោះ អ្នកដំណើរជាង ៦,០០០នាក់ អ្នកបើកបររថយន្ដដឹកទំនិញ និងរថយន្ដសណ្ដោងដឹកទំនិញ ត្រូវបានជាប់គាំងនៅក្នុងកំពង់ផែទាំងអស់ទូទាំងប្រទេស កាលពីព្រឹក ថ្ងៃអាទិត្យ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

ព្យុះស៊ីក្លូនត្រូពិច Ewiniar ដែលជាព្យុះស៊ីក្លូនដំបូងគេដែលបានវាយប្រហារហ្វីលីពីន ក្នុងឆ្នាំនេះ បានជះឥទ្ធិពលដល់តំបន់ Bicol នៅលើកោះ Luzon ដ៏សំខាន់ និងតំបន់ Visayas ភាគខាងកើតនៅកណ្តាលប្រទេសហ្វីលីពីនផងដែរ។

ការិយាល័យអាកាសធាតុរបស់រដ្ឋបាននិយាយថា ព្យុះ Ewiniar នឹងបន្តឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងរណប Manila ដោយព្រមានអំពីទឹកជំនន់ និងការបាក់ដីដែលអាចកើតមាន។

ការិយាល័យបានព្យាករណ៍ ថា ព្យុះ Ewiniar នឹងឈានដល់ប្រភេទព្យុះត្រូពិចធ្ងន់ធ្ងរនៅថ្ងៃចន្ទ នេះ បន្ទាប់មកនឹងប្រែទៅជាប្រភេទព្យុះទីហ្វុងនៅថ្ងៃអង្គារ មុនពេលចាកចេញពីប្រទេសហ្វីលីពីន នៅថ្ងៃពុធ សប្ដាហ៍នេះ។

ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតនៅទូទាំងពិភពលោក ដែលភាគច្រើនដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅក្នុងរង្វង់ភ្លើងប៉ាស៊ីហ្វិក និងខ្សែក្រវាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិកផងដែរ។ ជាមធ្យម ប្រទេសប្រជុំកោះនេះ ជួបប្រទះព្យុះទីហ្វុងចំនួន២០ ក្នុង១ឆ្នាំ ដែលខ្លះមានកម្លាំងខ្លាំង និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងសម្លាប់មនុស្សដែរ៕

ប្រភព៖ Xinhua

Share.