ភ្នំពេញ ៖ យុវជនម្នាក់បន្ទាប់ពីសង្សារសុំបែក បែជាខូចចិត្តដ្បិតលែងចង់រស់ សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនទៅវិញ បង្កឱ្យភ្ញាក់ផ្អើល បន្ទាប់ពីម្តាយហៅដាស់មិនឆ្លើយ ចូលទៅតាមរកមើល ប្រទះឃើញចងកស្លាប់ក្នុងបន្ទប់ទឹក ឆោឡោស្រែកហៅអ្នកជិតខាង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅបន្ទប់ផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ពៅ ចាន់រ៉ា ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិព្រៃ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះមានស្នេហាជាមួយនារីម្នាក់ ស្រាប់តែមួយរយៈចុងក្រោយនេះ ខាងស្រីសុំបែក ចែកផ្លូវគ្នា បែជាធ្វើឱ្យយុវជនរងគ្រោះ បែកគំនិតវិលវល់ គិតថាមានតែនារីម្នាក់ដែលខ្លួនស្រឡាញ់ តែផ្ទុយទៅវិញ ស្នេហាក្រៀមស្អិត ធ្វើឱ្យតូចចិត្តខ្លួនឯង អារម្មណ៍លែងនឹងន ទោះជាព្យាយាមលួងលោមសុំបន្តស្នេហ៍យ៉ាងណាក៏ ខាងស្រីឈប់ លុះមកដល់យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បងប្អូនម្នាក់ទៀតដែលធ្លាប់ដេកជាមួយ មិនបានចូលដេកជាមួយទេ ជនរងគ្រោះដេកនៅតែម្នាក់ឯង លុះរហូតដល់ព្រឹកឡើងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ម្តាយដែលស្នាក់នៅក្បែរនោះមិនឃើញកូនបើកទ្វារ លក់ដូរសោះ ដើរទៅតាមហៅ តែមិនសូរឆ្លើយ ចូលតាមរកមើល ស្រាប់តែប្រទះឃើញ យុវជនខាងលើចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកទៅវិញ ស្រែកផ្អើលឆោឡោ ក្រុមគ្រួសារ ញាតិជិតខាងជួយស្រាយដាក់ទម្លាក់ បំណងយកទៅសង្គ្រោះ តែហួសពេលទៅហើយ ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យ កោសល្យវិច័យរួចបនរគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.