ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន៦នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល៤ឆ្នាំ និងម្នាក់ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៨៦ ក្រុមទី២៥ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣  តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធបទហិង្សាដោយចេតនា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣ និង៤០នាទី ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យក្រុមទី១រួមមាន៖ ១-ឈ្មោះ ជន រិទ្ធី ហៅ ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់គ្រឿងម៉ាស៊ីនរថយន្ត ស្នាក់នៅផ្ទះបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ២-ឈ្មោះ ដោ ប៊ុនហេង ហៅ ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កូនជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្រុមទី២រួមមាន៖ ១-ឈ្មោះ ឈឿន ម៉េងឈួង ហៅ ឈួង ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកអីវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ២-ឈ្មោះ កា បូរិទ្ធ ហៅ តុច ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកអីវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ៣-ឈ្មោះ កាន បូរ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកអីវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។៤-ឈ្មោះ ស៊ីម ចាន់ថន ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកអីវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  (រងរបួស កំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ )។


វត្ថុតាងចាប់យកមាន៖ ខ្សែក្រវ៉ាត់ចំនួន០២ខ្សែ (ចាប់យកពីជនសង្ស័យទាំងពីរនាក់ម្នាក់១ខ្សែ) ជារបស់ជនសង្ស័យយក វាយ គូទំនាស់ ទៅវិញទៅមក។វត្ថុតាងចាប់យកនៅកន្លែងកើតហេតុរួមមាន៖ ដុំថ្មចំនួន០៧ដុំ ជារបស់ក្រុមជនសង្ស័យទាំង២ក្រុម គប់ គ្នា ទៅវិញទៅមក៕

អត្ថបទ៖ ចតុមុខ

Share.