រដ្ឋអូហៃអូ៖ អាជ្ញាធរបាននិយាយថា មនុស្ស ២នាក់បានបាត់ខ្លួន និង៧នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះឧស្ម័នធម្មជាតិដ៏ខ្លាំងមួយ ដោយបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ ១កន្លែងនៅកណ្តាលទីក្រុង Youngtown រដ្ឋOhio។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។

ការ​ផ្ទុះ​នេះ​កើត​ឡើង​នៅ​ម៉ោង​ ២​និង​៤៥​នាទី​រសៀល កាលពីថ្ងៃ​អង្គារ​ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) បាន​ផ្ទុះ​ចេញ​ពី​មុខ​អគារ Realty Tower។

អ្នកពន្លត់អគ្គីភ័យបានជួយមនុស្សមួយចំនួនចេញពីអគារ ដែលក្នុងនោះមានធនាគារ Chase Bank នៅជាន់ផ្ទាល់ដី និងនៅជាន់ខាងលើមានបន្ទប់ស្នាក់នៅ។

លោក Barry Finley ប្រធានផ្នែកពន្លត់អគ្គីភ័យ នៅទីក្រុង Youngstown បាននិយាយថា បុរសម្នាក់ និងស្ត្រីម្នាក់បានបាត់ខ្លួនបន្ទាប់ពីការផ្ទុះនេះ ដោយ​បន្ថែមថា ម្នាក់​ជា​បុគ្គលិក​របស់ធនាគារ Chase Bank។

ដោយឡែកអ្នក​របួស​ទាំង​ ៧នាក់ផ្សេងទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Mercy Health ក្នុង​ទីក្រុង Youngstown ដោយអ្នក​នាំ​ពាក្យ​មន្ទីរពេទ្យ ​បាន​និយាយ​ថា មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ។

ការផ្ទុះនេះ បានបង្កការខូចខាតធ្ងន់ធ្ងរចំពោះជាន់ផ្ទាល់ដីនៃអគារ ជាហេតុនាំឱ្យមានការលំបាកដល់អ្នកពន្លត់អគ្គិភ័យ ដោយពុំមានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅខាងក្នុងអគារឡើយ ដោយសារតែស្ថានភាពរឹងមាំនៃគ្រោងអគារ ស្ថិតក្រោមការសង្ស័យ។

សូមជម្រាបថា ការ​បំផ្ទុះ​នេះ​ បាន​អង្រួន​ទីប្រជុំជន​នៃ​ទីក្រុង​ Youngstown ដែល​មានមនុស្សរស់នៅប្រហែល ៦០,០០០នាក់ ដោយឥដ្ឋ កញ្ចក់ និង​កម្ទេចកម្ទី​ផ្សេងៗ ​បាន​រាយប៉ាយពាស​ពេញ​ចិញ្ចើមផ្លូវក្នុងទីក្រុងតែម្ដង៕

ប្រភព៖ AP News

Share.