ព្រៃវែង ៖ សិស្សប្រុសស្រីចំនួន១០នាក់ មិនបានចូលរៀន បែនាំគ្នាគេចសាលាដើរលេងសេរី មិនខ្វល់ពីអនាគត ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការរដ្ឋាននគរបាលស្រុកមេសាង សហការឃាត់នាំយកទៅអប់រំ បញ្ឈប់នូវ ការគេចវេសក្នុងម៉ោងរៀនសូត្រ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ឃុំច្រេស និងឃុំ ជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ខណៈដែលកម្លាំងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញក្រុមក្មេងសិស្សសាលាប្រុសស្រី១០នាក់ ក្នុងឯកសណ្ឋានសិស្ស គេចសាលា ប្រមូលផ្តុំពពាក់ពពូន ហាក់បីដូចជាមិនខ្វល់ពីអនាគតរបស់ខ្លួន ទោះជាឪពុកម្តាយឱ្យទៅរៀនសូត្រ សង្ឃឹមថាកូនៗចូលថ្នាក់រៀន តែផ្ទុយទៅវិញ គេចការសិក្សា នាំគ្នាដើរលេងធ្វើព្រងើយ មានតែឃាត់នាំយកទៅធ្វើការអប់រំចេញម្តង ។

សិស្សគេចសាលាទាំង១០នាក់ ក្នុងនោះសិស្សវិទ្យាល័យច័ន្ទក្រឺស្នា ចំនួន៨នាក់ (ប្រុស) សិស្សវិទ្យាល័យមេសាងចំនួន២ ប្រុស១នាក់ ស្រី១នាក់ ។

ក្រោយពីឃាត់បានសិស្សទាំងនោះ ត្រូវបានសមត្ថកិច្ច សហការជាមួយអាណាព្យាបាល លោកគ្រូអ្នកគ្រូ ធ្វើការអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់ការគេចវេសក្នុងម៉ោងសិក្សានៅសាលារៀន ជៀសវាង លង់ធ្លាក់ខ្លួនចូលក្នុងល្បែងអបាយមុខ ប្រព្រឹត្តិនូវអ្វីដែលផ្ទុយពីច្បាប់សង្គម គួរណាស់អាសូរដល់ឪពុកម្តាយ ដែលខំបីបាច់ ដើម្បីឱ្យកូនៗបានរៀនសូត្រ ក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ក្នុងសង្គម ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.