សិល្បៈជាតិ៖ ជា​មហាកិត្តិយស​មួយ​ដែល​កូន​ខ្មែរ​៤​រូប​ សម្រេច​បាន​ជោគជ័យ​សម្រាប់​ពាក់កណ្ដាល​ឆ្នាំ​២០២៤​ នេះ​ ដោយ​បុគ្គល​ល្បី​និង​មាន​ប្រជា​ប្រិយ​ទាំង​៤​ដួង​នោះ​ បាន​ទទួល​កិត្តិយស​ឡើង​ទទួល​ពាន​រង្វាន់​នៃ​កម្មវិធី​ HOFS AWARDS 2024 (Hall of Fame in Singapore 2024)។

កាល​ពី​ថ្ងៃ​ទី​២៤​ ខែឧសភា កន្លង​ទៅ​នៅ​ក្នុង​កម្មវិធីប្រគល់ពានរង្វាន់​ដ៏ធំមួយ​នាប្រទេស​សិង្ហបុរី​ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ The Ritz-Carlton Millenia ដោយ​កម្មវិធី​នេះ​មាន​គោលដៅប្រគល់​​រង្វាន់​ដល់អ្នក​មាន​សមត្ថភាពខ្លាំង​ពូកែទាំង​ផ្នែក​ជំនួញនិងសិល្បៈ​ ​ដូចជា​​ ធុរជន បុគ្គលមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​ និង​អ្នក​ផលិតមាតិកា​ នៅអាស៊ីអាគ្នេយ៍​។

នៅក្នុង​ចំណោម​ពាន​រង្វាន់​សរុប​ចំនួន ​២២​រង្វាន់​ ចែក​ចេញ​ជា ​១៣​ប្រភេទ​នោះ​ កូន​ខ្មែរ​ដែល​ជា​តារា​សម្ដែង​ អ្នក​ផលិតមាតិកា និង​ជា​អតីតបវរកញ្ញា​លំដាប់​អន្តរជាតិ​ បាន​ទទួល​មហាកិត្តិយស​ដ៏ឧត្តុង្គឧត្តមនេះ​មាន​ដូច​ជា​ កញ្ញា ស៊ីន​ យូប៊ីន លោក​ ខាត់ វ៉ៃហាំង លោក ​រ៉េននី ដារ៉ា និង​កញ្ញា សំណាង អេលីណា។

តារា​ខ្មែរ​ទាំង​៤ ដួងដែល​ទទួល​បាន​ពានរង្វាន់​នៅ​ក្នុង​ឆ្នាំ​២០២៤​ នេះ​ មាន​៣ដួង ដែល​ទទួល​ពាន​រង្វាន់​នៅ​ក្នុង​ផ្នែក​តែមួយ​ដូច​គ្នា​នោះ​គឺ កញ្ញា ស៊ីន យូប៊ីន លោក​ ខាត់ វ៉ៃហាំង និង​កញ្ញា​ សំណាង អេលីណា ដោយ​ទទួល​បាន​ពានរង្វាន់​ The Iconic Figure of Social Media ដែល​ពាន​រង្វាន់​នេះ​ផ្ដល់​ជូន​ដល់​បុគ្គល​មាន​សមត្ថភាព​ច្រើន​ផ្នែក​ មាន​ស្នាដៃ មាន​ការ​បំផុសគំនិត​ល្អ​ៗ​ដល់​អ្នក​ដទៃ ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​សាធារណជន​​បាន​ច្រើន​ជាង​គេ​​ ​ចំណែក​លោក រ៉េននី ដារ៉ា ទទួល​បាន​ពាន​រង្វាន់​នៅ​ក្នុង​ផ្នែក​ Lifestyle influencer hall of fame ដែល​ជា​ពានរង្វាន់​ផ្ដល់​ដល់​បុគ្គល​ល្បី​ដែល​មាន​របៀបរបបរស់​នៅ​បានល្អនិង​លេចធ្លោ​ជាងគេ។​
 

ឆ្លៀត​នៅ​ក្នុង​ឱកាស​ដ៏ថ្លៃថ្លា​នោះ​ដែរ​ តារា​សម្ដែង​ឆ្នើម​ ដែល​ទទួល​បាន​ឱកាស​ក្លាយ​ជា​អ្នក​ដឹកនាំ​រឿង​ថ្មោងថ្មី សម្រាប់​ភាពយន្ត​ទូរទស្សន៍​ ភីអិនអិន ខណៈ​ឡើង​ថ្លែង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ កញ្ញា​បាន​លើក​យក​នូវ​ចំណុចល្អៗ​ពីប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​ មិន​ថា​ទីតាំង​ ភូមិសាស្ត្រ  និង​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​របស់​កម្ពុជា​ក្នុង​វិស័យ​វិនិយោគ​ ក្នុង​គោលដៅ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចាប់​អារម្មណ៍​ដាក់​ទុន​វិនិយោគនៅកម្ពុជា​។

សូម​ជំរាបជូន​ថា នេះ​គឺជាឆ្នាំ​ទីពីរហើយ ដែល​កំពូលតារា​សម្ដែង​ជា​ដៃ​គូដ៏ស័ក្ដិសមបាន​បណ្ដើរ​គ្នា​ទៅទទួល​ពានរង្វាន់​ HFOS នៅប្រទេស​សិង្ហបុរី ខណៈដែល​ទាំង​ រ៉េននី ដារ៉ា និង​ស្រីស្អាត សំណាង អេលីណា បាន​ទទួល​ពាន​រង្វាន់​នៃ​វេទិកា​នេះ​ជា​ឆ្នាំ​ដំបូង​៕

Share.