បាត់ដំបង÷ សមត្ថកិច្ចបញ្ជូនមនុស្ស ៦នាក់ទៅតុលាការ ក្រោយការបង្ក្រាបករណីគ្រឿងញៀនច្រើនកញ្ចប់ និងអាវុធខ្លី ២ដើម កាលពីម៉ោង ៩:០០នាទីយប់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ត្រង់ចំណុចភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមនគរបាលជំនាញបានប្រាប់ឲ្យដឹងថា ការបង្ក្រាបបទល្មើសជាក់ស្តែងនេះ ដំបូងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់។ ក្រោយការសាកសួរកម្លាំងបង្ក្រាបឈានដល់ការបង្ក្រាបជនសង្ស័យបានចំនួន ៤នាក់បន្ថែមទៀត ក្នុងភូមិសាស្ត្រចំនួន ២ផ្សេងគ្នា ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ និងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ICE ចំនួន ០៦ ថង់ ទម្ងន់ ៨៤,៨៨ក្រាម រួមទាំងកាំភ្លើងខ្លីចំនួន ០២ដើមផងដែរផលិតនៅប្រទេសតៃវ៉ាន់ និងប្រទេសអាមេរិក សំបកគ្រាប់កាត់ចំនួន ០៣, កាណុងកាំភ្លើង តចំនួន ០២ និងសម្ភារសម្រាប់កែច្នៃអាវុធមួយ​ចំនួនទៀត។ ជនសង័្សយ ក៏ដូចជាវត្ថុតាង ត្រូវបានផ្នែកជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅ​ តុលាការអនុវត្តទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.