សិល្បៈជាតិ​៖ តារា​សម្ដែង​រូប​សង្ហា​លោក សេង មង្គល បាន​ប្រញាប់ប្រញាល់​ចេញ​មក​បង្ហោះ​សារ​ភ្លាម​ៗ​ ក្រោយ​ពិនិត្យ​ឃើញ​ថា​រូប​ភាព​និង​ឈ្មោះ​របស់​លោក​ត្រូវ​បាន​ជន​អនាមិក​ យក​ទៅ​ប្រើប្រាស់​ដើម្បី​បង្កើត​គណនី​នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម​ហ្វេសប៊ុក​។

នៅ​ម៉ោង​ប្រមាណ​ជាជិត​១​ រសៀល​ ថ្ងៃ​ទី​៣០ ខែមិថុនា គណនី​ផ្លូវការ​របស់តារា​សម្ដែង​ សេង មង្គល ដែល​មាន​សរសេរ​ជា​ភាសាអង់គ្លេស Mongkul seng Real បាន​ចេញ​មក​ចែករំលែក​និង​ការ​ពារកិត្តិយស​កេរ្តិ៍ឈ្មោះ ក៏ដូចជា​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​ទូទៅ​បានដឹង និង​ចៀសវាង​ចាញ់​បោក​ជនអនាមិក​ដែល​មាន​គោលដៅ​និង​គំនិត​ទុច្ចរិត​ ក្នុង​អំពើ​ឆបោក​ណាមួយ​នោះ​។ លោក​ សេង មង្គល បាន​បង្ហោះ​រៀបរាប់នៅ​លើ​គណនី​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ ថ្មីៗទៀតហើយ។ ជំរាបសួរអ៊ំពូមីងបងប្អូនទាំងអស់គ្នាដោយសារតែមួយរយៈនេះមានជនមិនស្គាល់មុខបានបន្លំខ្លួនធ្វើជាខ្ញុំដោយប្រើឈ្មោះហ្វេសប៊ុក Bong Mongkul បានឆាតទៅខ្ចីលុយមនុស្សដែលស្គាល់គ្នាជាមួយខ្ញុំក្នុងបែបផែនខលវីដេអូហើយយកវីដេអូឡាយរបស់ខ្ញុំបន្លំសំលេងដើម្បីធ្វើជាខ្ញុំ ហើយក៏មានករណីឆ.បោ.កមួយចំនួនទៀត ដូច្នេះខ្ញុំបាទ សេង មង្គល សូមបញ្ជាក់ទៅកាន់បងប្អូនទាំងអស់គ្នាថាហ្វេសប៊ុករបស់ខ្ញុំមានចំនួន2 គឺ អាខោន Mongkul Seng Real និងផេក Seng Mongkul សេង មង្គល។ ក្រៅពីនេះមិនមែនជារបស់ខ្ញុំនោះទេ។ ជា​ចុង​ក្រោយ​​លោក​ សេង មង្គល​បាន​បញ្ជាក់​ទៀតថា ប្រសិនបើមានរឿងហេតុអ្វីកើតឡើងក្រៅពីឈ្មោះទាំង2ខាងលើនេះ ខ្ញុំបាទសូមមិនទទួលខុសត្រូវនោះឡើយបញ្ជាក់ជាថ្មីអខោនខាងក្រោមនេះមិនមែនជារបស់ខ្ញុំទេ ព្រម​ទាំង​ដាក់​ Hashtag បញ្ជាក់​ទៀត​ថា​៖ ប្រយ័ត្នចាញ់​បោកគេណាបងប្អូន​។

មែនទែន​ទៅ​ករណី​ឆបោក ដោយ​ប្រើប្រាស់​រូប​ភាព​ ឈ្មោះ របស់​តារា​ៗទៅ​លើ​ជនរងគ្រោះ​មាន​កើត​ឡើង​ជារឿយៗ ហើយ​មាន​តារា​ប្រុស​ស្រី និង​ជនរងគ្រោះ​មិន​តិច​នោះ​ឡើយ ដែល​ធ្លាក់​ខ្លួន​ទៅ​ជា​នុយ​នៃ​ទង្វើ​អបាយ​មុខ​មួយ​នេះ​ ត្បិត​ថា​មាន​ការ​ប្រកាសផ្សព្វផ្សាយ​ច្រើន​ពី​តារា​មួយ​ចំនួន​ ដែល​ជា​ជន​រងគ្រោះ​ក្រោម​រូប​ភាព​គេ​យក​រូប​ភាព​ខ្លួន​ទៅ​ប្រើ​ប្រាស់​បោក​អ្នក​ដទៃ​ក្នុង​រូបភាព​ផ្សេងៗ​ព្យាយាម​ប្រកាស​ ឱ្យ​សាធារណជន​បាន​ដឹង​ពី​ល្បិច​កលទុច្ចរិត​ទាំង​នោះ​ក្ដី ប៉ុន្តែ​នៅតែ​មាន​ជនរងគ្រោះ​មួយ​ចំនួន​នៅតែ​លង់​ជឿ​ និង​ចាញ់​បោកជនអនាមិក​ទាំង​នោះ​។

គេសង្ឃឹ​ម​ថា​ តទៅថ្ងៃ​មុខ​ នឹង​មិនមាន​ជនរងគ្រោះ​ណាមួយ​ ត្រូវ​ចាញ់​បោក​ បាត់​បង់​លុយ កាក់ ទ្រព្យ​របស់ ដោយ​សារតែ​អំពើ​ឆបោក​ណាមួយ​នោះ​ទៀត​។ ​មុន​នឹង​ជឿឬ​សម្រេចចិត្ត​ផ្ញើឬផ្ទេរប្រាក់​ឱ្យ​នរណាម្នាក់​ គួរ​តែមា​នការ​ពិគ្រោះ​យោបល់​ ឬប្រឹក្សាពី​មនុស្ស​ជុំវិញខ្លួន ឱ្យ​បាន​ប្រាកដ​ប្រជា ជាមុន​សិន ដើម្បីរំដោះ​ខ្លួន​ឱ្យ​រួច​ផុត​ពី​ការ​ចាញ់​បោក​គេ​៕

https://troryorng.com/
Share.